រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលចំថ្ងៃទី ១៤, ១៥, ១៦ ខែមេសាមុខនេះ។ យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឱ្យមហាជនទាំងអស់ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ក៏ប៉ុន្តែហាមដាច់ខាត ចៀសវៀងការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ និងល្បែងណាដែលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចខាងក្រោម៖

១- ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាង គ្រោះថ្នាក់ផ្សេងៗ។

២- ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើង ចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។

៣- ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការ៉េលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូ បង្ហោះប្រដេញគ្នាលេងំនៅតាមផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។

៤- ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព អនាម័យ និងត្រូវអនុវត្តតាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការបង្គារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ (Covid-19)។

ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ ខាងក្រោមនេះ៖

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

Telegram-Troryorng
Share.