តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក យឿត សូត្រអនុស្សាវរីយ៍ ទើបតែបញ្ចេញបទចម្រៀងថ្មីដែលមានចង្វាក់កន្រ្តឹមមានចំណងជើងថា «ឯងខុសមាត់ឯណា» ។ បទថ្មីៗនេះបញ្ចេញមិនទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែផ្ទុះការគាំទ្រខ្លាំងមែនទែន ជាពិសេសនៅលើបណ្ដាញសង្គម Facebook និង TikTok ។ ក្រៅពីហ្នឹងក៏មានឮសំឡេងចម្រៀងបទនេះ តាមផ្ទះក្បែរខាង និងក្នុងភូមិផងដែរ ។

ខុសប្លែកពីរាល់ដងនៃការបកស្រាយបទចម្រៀងរបស់លោក យឿត សូត្រអនុស្សាវរីយ៍ ដែលទម្លាប់ច្រៀងតុងខ្ពស់ៗ និងបែបមនោសញ្ចេតនាស្រុកស្រែ រហូតដល់មានហ្វេនខ្លះបានលើកឡើងថា តារាចម្រៀងប្រុសរូបនេះសំឡេងស្រដៀងទៅនឹងលោក ខេមរៈ សិរីមន្ត។ ប៉ុន្ដែប្រសិនបើយើងស្ដាប់យូរៗទៅ ការពិតទៅសំឡេងពីរោះមួយបែបម្នាក់។ យ៉ាងណាមិញ បទ «ឯងខុសមាត់ឯណា» លោក យឿត សូត្រអនុស្សាវរីយ៍ បានប្ដូរស្ទាយចម្រៀងដែលហ្វេនមិនធ្លាប់ឮ ពោលគឺជាលោកច្រើនបែបសំនៀងរដឺន ទំនោរទៅកាន់បងប្អូននៅខេត្ត បន្ទាយមានជ័យ សៀមរាប និងឧត្តមានជ័យ។ ហេតុនេះហើយបានជាធ្វើឱ្យបទថ្មីមួយបទនេះ ផ្ទុះការគាំទ្រខ្លាំងមែនទែន និងសមល្មមសម្រាប់រាំកម្សាន្តសប្បាយនាពេលចូលឆ្នាំខ្មែរខាងមុខនេះ។

យ៉ាងណាក្ដីគេនៅចាំបានថា លោក យឿត សូត្រអនុស្សាវរីយ៍ មានស្រុកកំណើតនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចូលប្រឡូកក្នុងវិថីសិល្បៈតាមរយៈ កម្មវិធីប្រលងចម្រៀងទាំងថ្នាក់ជាតិ និងកម្មវិធីលំដាប់ថ្នាក់ពិភពលោក តែទទួលបរាជ័យជានិច្ច ។ រហូតដល់នៅឆ្នាំ២០១៧ កន្លងមកនេះ លោកក៏បានធ្វើឱ្យមហាជនជាច្រើននាក់ស្គាល់តាមរយៈការបកស្រាយបទចម្រៀង «ស្ទឹងត្រែងបងអើយ» ក្នុងកម្មវិធីប្រលងចម្រៀង ពេជ្យកំពុងច្នៃ របស់ស្ថាននីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ តែលោកនៅតែមិនជាប់ជ័យលាភីឡើយ។ ក្រោយមកក៏ទទួលបានក្ដីស្រឡាញ់ និងអាណិតពីអ្នកនិពន្ធបទចម្រៀងនៅផលិតកម្មសាន់ដេគឺលោក ស៊ុន រដ្ឋា និងបានបណ្ដុះលោកឱ្យក្លាយជាគ្រាប់ពេជ្ររបស់ផលិតកម្មតែម្ដង។

ឈប់អូសក្រឡាត្រឹមនេះសិន សូមនាំអារម្មណ៍ប្រមិយមិត្តមកស្ដាប់ និងទស្សនាបទចម្រៀងថ្មីរបស់លោក យឿត សូត្រអនុស្សាវរីយ៍ ជាសំនឿងរដឺន៖

Telegram-Troryorng
Share.