ភ្នំពេញ៖ ស្នងការដ្ឋានគរបាលរាជធានី ភ្នំពេញ ប្រកាសត្រៀមកម្លាំងជាងពាន់នាក់ ដើម្បីដាក់ពង្រាយ ការពារពង្រឹង សន្តិសុខ រក្សាសណ្ដាប់ធ្នាប់ នាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុង រាជធានីភ្នំពេញ ដើម្បីកម្សាន្តសប្បាយរីក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ 

ការលើកឡើងនេះនេះ ក្នុងកិច្ចប្រជុំមួយ ដែលដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនោះមានការចូលរួមពីលោកលោកស្រីស្នងការរង ដែលដឹកនាំបញ្ជាពង្រឹងការងារនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ មេសា ២០២២។

នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ លី ពុធដារ៉ា ស្នងការរងទទួលផែនការងារសេនាធិការក៏បានលើកឡើងឱ្យដឹងថា៖ ការផ្សព្វផ្សាយផែនការស្តីពីការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺក្នុងគោលបំណងធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព ឱ្យបានល្អជូនប្រជាពលរដ្ឋ ។ ក្នុងនោះកម្លាំងជាង២ពាន់នាក់ក៏បានបែងចែកកម្លាំងឈរជើង ការពារនិងរក្សាសណ្តាប់ធ្នាប់នៅគោលដៅសំខាន់ៗ មួយចំនួន នៅក្នុង រាជធានីភ្នំពេញ ដូចជា ឈរជើង នៅតាម វត្ត អារាម ទាំង ១៥០ វត្ត និងសាលាឆទានចំនួន០៤កន្លែង គោលដៅកន្លែងកម្សាន្តសប្បាយរីករាយនិង នៅតាមច្រកចេញ ចូលរាជធានី ភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ ប្រជាពលរដ្ឋ ក្នុងឱកាស ដែល បងប្អូន ប្រជាពលរដ្ឋធ្វើដំណើរ ទៅវត្ត អារាម ក៏ដូចជា ចាកចេញពី រាជធានី ភ្នំពេញ ទៅស្រុកកំណើតនៅតាមបណ្ដា ខេត្តនានា ។

លោកឧត្តមសេនីយ៍ទោ លី ពុធដារ៉ា បានបន្ដទៀតថា ក្នុងចំណោមកម្លាំងទាំងនេះត្រូវបានបែង ចែកចេញជា ផែន សម្រួលសណ្ដាប់ធ្នាប់ ចរាចរ អន្តរាគមន៍ អគ្គិភ័យ ល្បាត និង បង្ក្រាប បទល្មើស ផ្សេងៗ នៅក្នុង មូលដ្ឋាន ដើម្បី កាត់បន្ថយ នូវ អំពើចោរកម្មលួច ឆក់ ប្លន់ គ្រឿងញៀន និង គាស់ ផ្ទះ ជាដើម ខណៈ ដែរ បងប្អូន ប្រជាពលរដ្ឋ ចាក ចេញទៅ ស្រុកកំណើតអស់រឺធ្វើដំណើរកម្សាន្តសប្បាយរីករាយនៅតំបន់ផង្សេងៗ។ ខណៈនោះកម្លាំង អធិការដ្ឋាន នគរបាល ខណ្ឌ ទាំង ១៤ ចុះការពារ សន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុង មូលដ្ឋាន របស់ខ្លួន ផងដែរ សំដៅ ធ្វើយ៉ាងណាពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ឱ្យបានគត់មត់ដើម្បី ឱ្យប្រជាពលរដ្ឋ មាន ភាពកក់ក្តៅ និង មាន ជំនឿ ទុកចិត្ត មកលើ សមត្ថកិច្ច។ជាមួយគ្នានោះក៏បានប្រើប្រាស់មធ្យោបាយ សម្ភារៈជាច្រើនទៀតដើម្បីធានាដល់កិច្ចការងារប្រតិបត្តិការពារសន្តិសុខ សណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាព។

បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ក៏បានលើកឡើងដោយបាណែនាំដល់ លោកលោកស្រីស្នងការរងទទួលដឹកនាំបញ្ជាពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ត្រូវយកចិត្តទុកដាក់ចំពោះភារកិច្ចដែលបានប្រគល់ជូន ឱ្យមានការទទួលខុសត្រូវខ្ពស់ លើការងារដឹកនាំបញ្ជាកម្លាំងសំដៅធ្វើយ៉ាងណាការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរមិនឱ្យកើតមានបទល្មើសអ្វីកើតឡើង ជាពិសេសធានាឱ្យបានការការពារអាយុជីវិតនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងទៀតថា៖ កម្លាំងដែលឈរជើងការពារគោលដៅ នានា និង កម្លាំងល្បាត ត្រូវទប់ស្កាត់សកម្មភាពបង្កការរំខានណាមួយ ដែលបង្កប៉ះពាល់ដល់ការកម្សាន្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណិជាតិខ្មែរ។ក៏ណែនាំកម្លាំងត្រូវពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធក្នុងការងារផ្សព្វផ្សាយប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះផងដែរក៏បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពី ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព  នៅក្នុងរាជធានីភ្នំពេញ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥  ដែលគ្រោងរៀបចំប្រព្រឹត្តទៅ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕

Share.