ភ្នំពេញ៖ប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា ខ្លួនបានចតរថយន្ដទុកនៅ ចំហៀងផ្ទះដូចសព្វមួយដង ស្រាប់តែនៅវេលាទៀបភ្លឺ ក៏មានអណ្ដាតភ្លើងឆាបឆេះ ចេញពី រថយន្ត ford ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-6579 ហើយក៏មាន រថយន្ត highlander ពណ៌ទឹកប្រាក់ 1 គ្រឿងពាក់ស្លាកលេខភ្នំពេញ 2AG-6157 នៅក្បែរ នោះឆាប់ឆេះបន្តទៀតបង្កជាអណ្ដាតភ្លើងសន្ធោសន្ធៅ រាលដាលដល់ជញ្ជាំងផ្ទះ នៅក្បែរ នោះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងបុរីអមតៈ ចេញមកជួយពន្លត់។

បន្ទាប់មកទៀតក៏មានរថយន្តហ្វតពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BF-5384 ត្រូវបានឆាប់ឆេះផ្នែកធុងសាំង។

ភ្លាមៗសមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យ នៃអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានចេញ រថយន្ត 1 គ្រឿងជួយបាញ់ពន្លត់ ទើបអាចគ្រប់គ្រង ស្ថានការណ៍បាន 100%។

ហេតុការណ៍នេះកើតឡើង កាលពីវេលា 4:20 នាទីទៀបភ្លឺឈានចូលថ្ងៃទី 9 ខែមេសា ឆ្នាំ 2022 នៅបុរីអមតៈក្នុងសង្កាត់កាកាប 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍កាកាប១ បានឲ្យដឹងថា សមត្ថកិច្ចសន្និដ្ឋានជំហានដំបូង ក្នុងករណី រថយន្ត 3 គ្រឿង ត្រូវអគ្គិភ័យលេបត្របាក់នេះ គឺអាចបណ្ដាលមកពីមានអ្នកលួចដុត ទើប ឆេះម្ដងទាំង 3 គ្រឿងនៅ ទីតាំងតែមួយបែបនេះ៕

អត្ថបទ៖ លី សុភ័ស្ត

Share.