ឧត្ដរមានជ័យ ៖ រថយន្តកូរ៉េមួយគ្រឿងបើកចេញពីផ្ទះខ្វះការប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិន ជាប់ជ្រុលទៅបុក រថយន្តហ៊ីណូសណ្តោងរ៉ឺម៉កដឹកដំឡូង បណ្តាលឲ្យក្រឡាប់កន្ទុយ រ៉ឺម៉កផ្ងារជើង ចាក់ដំឡូងចោល សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍ខាងលើកើតឡើងកាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅចំណុច បង្គោលគីឡូ២៩ លើកំណាត់ផ្លូវជាតិលេខ២៦២៥ ស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉េ ទ្រុងចំណុះ៣,៥តោន ពណ៌ស ពាក់ស្លាក ភ្នំពេញ 3D-4988 បើកបរដោយឈ្មោះ ណុប ណូត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិទូលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរអាជីវករ បានបើករថយន្តចេញពីផ្ទះឡើងលើផ្លូវជាតិ ហ្វ្រាំងមិនជាប់ ជ្រុលទៅ បុកចំទ្រុងរ៉ឺម៉ក រថយន្តម៉ាកហ៊ីណូ ដឹកដំឡូងមី ជារថយន្តថៃ ពណ៌ស ពាក់ស្លាកលេខ 83-0414 សុរិន បើកបរដោយឈ្មោះ រឿង ណាក់ខន ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅ កាប់ជើង ខេត្តសុរិន ប្រទេសថៃ ដែលបើកបរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យ ក្រឡាប់កន្ទុយរ៉ឺម៉ក ចាក់ដំឡូងចោលរាយ តែមិនបង្កឲ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ ភាគីខាងរថយន្តបង្កសុំសម្របសម្រួល ដោយចេញសងថ្លៃខូចខាតរ៉ឺម៉ក និងដំឡូងមី ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.