ការវាយប្រហារដោយគ្រាប់មីស៊ីលលើស្ថានីយ៍រថភ្លើងមួយកន្លែងនៅភាគខាងកើតប្រទេសអ៊ុយក្រែនបានសម្លាប់ជនស៊ីវិលរាប់សិបនាក់កាលពីថ្ងៃសុក្រ អំឡុងពេលដែលពួកគេកំពុងភៀសខ្លួនចេញពីសង្រ្គាមរវាងរុស្សី និង អ៊ុយក្រែន។

មេដឹកនាំពិភពលោកបានថ្កោលទោសការវាយប្រហារនៅទីក្រុង Kramatorsk រដ្ឋធានី Donetsk ដោយប្រធានាធិបតីអាមេរិក Joe Biden បានចោទប្រកាន់រុស្សីថា ជាអ្នកនៅពីក្រោយ «អំពើឃោឃៅដ៏គួរឲ្យរន្ធត់» ដែលប្រទេសបារាំងបានថ្កោលទោសថា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។

រដ្ឋាភិបាលក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥២នាក់បានស្លាប់ ក្នុងចំណោមអ្នកស្លាប់ក៏មាន កុមារចំនួន ៥នាក់ រួមមានទាំងមនុស្សចាស់ជរា និង ជនស៊ីវិលប្រុសស្រីជាច្រើននាក់ទៀត។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានរាយការណ៍ថា មានមនុស្សប្រមាណ ៣០០នាក់ទៀត បានរងរបួសក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់មីស៊ីលបាលិស្ទិកចម្ងាយជិតប្រភេទ Tochka U ដោយលោកបញ្ជាក់ថា នេះជាកូដកម្មបង្ហាញ «អំពើឆ្កួតដ៏អាក្រក់គ្មានដែនកំណត់»។ លោក Zelensky បន្ដថា ការទម្លាក់គ្រាប់បែកនេះត្រូវបានរាយការណ៍នៅក្នុងប្រទេសរុស្សីមុនពេលដែលកាំជ្រួចនេះបានហោះមកដល់ ដោយលោក Zelensky បានអំពាវនាវឲ្យមាន «ប្រតិកម្មជាសកលយ៉ាងម៉ឺងម៉ាត់ចំពោះឧក្រិដ្ឋកម្មសង្រ្គាមនេះ» និង ស្នើឲ្យបញ្ជូនសព្វាវុធបន្ថែមទៀតដល់អ៊ុយក្រែនដើម្បីទប់ទល់ការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។

អ្នកកាសែត AFP បានឃើញសាកសពមនុស្សប្រមាណជា ៣០នាក់ នៅក្រោមតង់ប្លាស្ទិកដែលគេគ្របនៅក្បែរស្ថានីយ៍រថភ្លើង ដែលនៅក្បែរនោះពោរពេញទៅដោយសំណល់គ្រាប់រ៉ុក្កែតដ៏ធំមួយ។

ថ្វីត្បិតតែមានការចោទប្រកាន់ពីលោក Biden និង មានការសង្ស័យពីសំណាក់មេដឹកនាំនៃប្រទេសដទៃទៀតក៏ដោយ ក៏ប្រទេសរុស្សីបានបដិសេធថាមិនបាននៅពីក្រោយការទម្លាក់គ្រាប់បែកមីស៊ីលនេះឡើយ៕

ប្រភព៖ CNA

Share.