មុន​ប្រកួត​​វគ្គ​ជម្រុះ​ជើង​ឯក​បាល់ទាត់​ទ្វីប​អាស៊ី AFC Asian Cup 2023 ភាគី​ហុងកុង បាន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​​ដល់​កីឡាករ​កាមេរ៉ូន ម្នាក់​ ក្រោយ​កីឡាករ​​វ័យ​៣០​ឆ្នាំ​រូប​នេះ ធ្វើ​ដំណើរ​ទៅ​ប្រកប​អាជីព​​នៅ​ទឹកដី​ខ្លួន​ជិត​១០ឆ្នាំ។

កីឡាករ​រូប​នោះ​មាន​ឈ្មោះ Mahama Awal កើត​នៅ​ខែ​មិថុនា ឆ្នាំ​១៩៩០ កម្ពស់​១.៧៥ម៉ែត្រ លេង​ក្នុង​តួនាទី​បម្រើ ប្រចាំ ក្លិប​North District ដែល​ជា​សមាជិក​ក្លិប​លីគ​កំពូល​ហុងកុង Hong Kong First Division។

កីឡាករMahama Awal អាច​មាន​ឱកាស​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​កោះហុងកុង បាន​ហើយ ក្រោយ​ពី​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​រួចរាល់ ខណៈ​រូប​គេ​​ធ្លាប់​បាន​ចូលរួម​ជាសមាជិក​ក្រុម​លីគ​កម្រិត​ទី២​របស់​ចិន Guangdong Sunray Cave អស់​រយៈពេល​៥ឆ្នាំ​ពោល​គឺ​ពី​ឆ្នាំ​​២០០៩ ដល់​២០១៤ ហើយ​ពី​ឆ្នាំ​២០១៥​ដល់​២០១៧ គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ហុងកុង ដោយ​ចូលរួម​ក្នុង​ក្រុម Shoth China មុន​ចេញ​ទៅ​ចូលរួម​ក្រុម​Pegasus ពី​ឆ្នាំ​២០១៧​ដល់​២០២០។

សូម​បញ្ជាក់​ថា​ហុងកុង ស្ថិត​ក្នុង​ពូល D ក្នុង​​វគ្គ​ជម្រុះ​​ជុំទី៣ នៃ​ជើង​ឯក​ទ្វីប​អាស៊ី 2023 AFC Asian Cup qualification – Third Round ជាមួយ​​ឥណ្ឌា អាហ្វហ្គានីស្ថាន និង​កម្ពុជា ខណៈ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​​ខែ​មិថុនា ខាង​មុខ ក្នុង​ទីក្រុង Kolkata។ហុងកុង ធ្លាប់​ប៉ះ​កម្ពុជា កាល​ប្រកួត​ជម្រុះ​ជុំទី២​កន្លង​ទៅ​ម្តង ដោយ​កាល​នោះ​ធ្លាប់​ស្មើ​គ្នា​១លើក និង​ហុងកុង យក​ឈ្នះ​កម្ពុជា ១លើក។ កាល​នោះ​ហុងកុង មាន​សមាជិក​ជា​កីឡាករ​ចូល​សញ្ជាតិ​ច្រើន​នាក់​ផង​ដែរ៕

Telegram-Troryorng
Share.