កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលចំណាយថវិកាប្រមាណជា២លានដុល្លារអាមេរិក ក្រោមជំនួយឧបត្ថម្ភពីមូលនិធិណាហ្គាវើល និងសប្បុរសជននានា បានឈានដល់ដំណាក់កាលប្រក់ដំបូលនិងក្រាលស្មៅសិប្បនិមិត្តហើយ។ នេះបើយោងតាមការបង្ហោះនៅលើហ្វេសប៊ុក កីឡដ្ឋានកំពង់ស្ពឺ-Kampong Speu Stadium នៅរសៀលថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២ សប្ដាហ៍នេះ។
កីឡដ្ឋានបាល់ទាត់លក្ខណៈស្តង់ដារនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង៤ហិកតា។
ក្លិបបាល់ទាត់ណាហ្គាវើល សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2022 មានផែនការប្រើប្រាស់កីឡដ្ឋាននេះធ្វើជាទឹកដីប្រកួតរបស់ខ្លួនក្នុងប្រកួតនានា ក្នុងពេលខាងមុខ បន្ទាប់ពីសាងសង់រួចរាល់។
កន្លងមកឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ធ្លាប់បានបញ្ជាក់ថាការកសាងកីឡដ្ឋាននេះយ៉ាងហោចណាស់ចំណាយពេលវេលា យ៉ាងតិច១៥ខែ ចាប់ពីថ្ងៃបុកគ្រឹះពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក។
តាមផែនការការសាងសង់កីឡដ្ឋានបាល់ទាត់នេះ បែងចែក ជា២ដំណាក់កាល ដែលដំណាក់កាលទី១ គឺជាការសាងសង់ ក្លោងទ្វារធំចំនួន២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយ VIP ៣,០០០កៅអី ទីលានបាល់ទាត់ ដែលបំពាក់ដោយភ្លើងបំភ្លឺទីលាន រួមជាមួយការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២ ជាការសាងសង់ កន្លែងអ្នកទស្សនាកើនដល់ ៦,០០០នាក់៕