កម្មវិធី America’s Got Talent មិនខុសពីកម្មវិធីប្រកួតប្រជែងសមត្ថភាពប្រទេសផ្សេងៗទៀតឡើយគឺធ្វើយ៉ាងណាស្វែងរកអ្នកមានសមត្ថភាពទេពកោសល្យពិតប្រាកដ។ បុរសដែលធ្វើឱ្យទាំងគណៈកម្មាការនិងទស្សនិកជនរន្ធត់ផងស្រក់ភ្នែកផងនោះគឺបុរសពិការជើងទាំងសងខាង Aaron Wheelz។
កាលពីពេលថ្មីៗនេះឆាណែល America’s Got Talent បានបង្ហោះវីដេអូរបស់ម្ចាស់ប៊ូតុងមាស ផ្ដល់ដោយគណៈកម្មការស្ត្រីតែគត់គឺ Nikki Bella ដែលជាវីដេអូមានលាយឡំគ្នាទាំងរន្ធត់និងរំភើបសម្រាប់អ្នកទស្សនា។
Aaron Fotheringham បុរសពិការជើងទាំងសងខាងអង្គុយលើរទេះរុញនេះបានបង្ហាញសមត្ថភាពជិះរទេះរុញរួចបង្វិលទម្លាក់ខ្លួនពីទីខ្ពស់រួចធ្វើយ៉ាងណាមិនឱ្យខ្លួននឹងរទេះរុញដួល ប៉ុន្តែគួរឱ្យស្ដាយដែលការបង្ហាញសមត្តភាពរបស់គាត់បរាជ័យ ព្រោះពេលដែលរទេះរុញរបស់គាត់ធ្លាក់ចុះមកក្រឡាប់ រហូតធ្វើឱ្យគណៈកម្មការរន្ធត់និងបារម្ភពីសុវត្ថិភាពរបស់លោកយ៉ាងខ្លាំង ដោយក្នុងនោះ Simon ថែមទាំងភ្លាត់មាត់និយាយទៀតថាមិនចាំបាច់ឱ្យបេក្ខជនរូបនោះបង្ហាញសមត្ថភាពទៀតនោះទេប៉ុណ្ណឹងបានហើយ នៅពេលលោកឃើញ Aaron ខំប្រឹងឡើងទៅកាន់ទីខ្ពស់ដើម្បីចង់ទម្លាក់ខ្លួនចុះសារជាថ្មី។
យ៉ាងណាមិញដោយឃើញពីការតាំងចិត្តមិនបោះបង់របស់បេក្ខជនពិការ ក្រុមការងារបានជួយសែងលោកឱ្យឆាប់ឡើងទៅដល់ខាងលើ ក្រោមសំឡេងអបអរសាទរនិងលើកទឹកចិត្តពីសាធារណជនដែលបានទៅមើលការបង្ហាញសមត្ថភាពរបស់បេក្ខជនរូបនេះ។
ការបង្ហាញសមត្តភាពជាលើកទីពីរក្រោមក្រសែភ្នែកបុកពោះនិងភ័យព្រួយពីសុវត្ថិភាពរបស់ Aaron Wheelz បានកន្លងផុតទៅដោយរលូនព្រោះលើកនេះលោកអាចធ្វើបានយ៉ាងល្អនិងជោគជ័យ។ ភាពអំណត់អត់ធ្មត់ និងមិនបោះបង់របស់លោកបានធ្វើឱ្យលោកអាចជំនះភាពភ័យខ្លាចនិងបរាជ័យរបស់ខ្លួន រហូតធ្វើឱ្យគណៈកម្មការទាំងអស់ពេញចិត្តយ៉ាងខ្លាំង បន្ថែមលើនោះ Nikki Bella បានសម្រេចចិត្តផ្ដល់ប៊ូតុងមាសជូនដល់ Aaron ដូច្នេះលោកបានឡើងទៅកាន់វគ្គបង្ហាញសមត្ថភាព Live Show ដោយស្វ័យប្រវត្តិ៕
ទស្សនាការបង្ហាញសមត្ថភាពរបស់ Aaron Wheelz ក្នុងកម្មវិធី AGT ខាងក្រោមនេះ៖
ប្រភព៖ Youtube America’s Got Talent