
ម្ចាស់ផ្ទះវៀតណាម ដែលទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២១ បានដាក់ផែនការថ្មីសម្រាប់អត្តពលិកមកពី១១ប្រទេស ក្នុងតំបន់អាស៊ាន ថា «មិនបានចាក់វ៉ាក់សំាង មិនឱ្យចូលប្រកួត» នោះទេ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ នេះ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN របស់ប្រទេសហ្វីលីពីន ស្រង់សម្តីលោក Bambol Tolentino ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន បានថ្លែងនៅក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយសហព័ន្ធពាក់ព័ន្ធទាំងអស់ដែលមានបេសកកម្មទៅប្រកួតនៅក្នុងស៊ីហ្គេមឆ្នាំ២០២១ នៅថ្ងៃអង្គារសប្ដាហ៍នេះ។
អត្ថបទពាក់ព័ន្ធ៖ប្រទេសវៀតណាម បន្ថែមកីឡា Esports ចំនួន១០វិញ្ញសាក្នុងស៊ីហ្គេមឆ្នាំ២០២១ ខាងមុខ
លោក Bambol Tolentino ថាម្ចាស់ផ្ទះប្រទេសវៀតណាម បញ្ជាក់ថាស៊ីហ្គេមឆ្នាំនេះរៀបចំតាមផែនការ ទោះបីជាស្ថានភាពកូវីដ-១៩ ក្នុងតំបន់មិនទាន់ថមថយក៏ដោយ តែគ្រាន់កំណត់រឿង«ចាក់វ៉ាក់សាំង» បង្ការឱ្យបានរួចរាល់។ ចំណែកហ្វីលីពីន គ្រោងបញ្ជូនអត្តពលិកចំនួន៦២៦នាក់ លើប្រភេទកីឡាករ៤០វិញ្ញាសា។
ក្បាលម៉ាស៊ីនកីឡាហ្វីលីពីន ខាងលើបន្ថែមថា៖«មុនធ្វើដំណើរទៅវៀតណាម គ្រប់គ្នាត្រូវតែចាក់វ៉ាក់សាំងឱ្យបានរួចរាល់ ឬ ត្រូវចាក់ឱ្យបានរួចរាល់មុនពេលប្រមូលផ្ដុំ»។ លោកថាហ្វីលីពីន ទទួលបានប្រាក់៤ម៉ឺនដុល្លារអាមេរិក ពីគណៈកម្មាធិការអូឡាំពិកតំបន់អាស៊ី ក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ-១៩៕
រូបថត៖rappler
