ឆ្នាំនេះ តំបន់ជាច្រើនអាចនឹងរៀបចំពីធីបុណ្យចូលឆ្នាំថ្មី និងត្រូវរាំលេងក្រោមតំណក់ទឹកភ្លៀង។ ក្រសួងព្យាករណ៍ថាស្ទើរគ្រប់តំបន់ទូទាំងប្រទេសនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ។

រូបតំណាង

ក្នុងសេក្ដីជូនដំណឹងចេញផ្សាយនៅថ្ងៃទី១២​ ខែមេសា ក្រសួងធនធានទឹក និងឧតុនិយមបានជម្រាបជូនសាធារណជនថាមូលហេតុដែលនាំឱ្យមានភ្លៀងធ្លាក់ដែលក៏ចំឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈ៣ថ្ងៃខាងមុខដែរនោះ គឺសារចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា។

ក្រសួងបានព្យាករណ៍ថាស្ថានភាពនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ខណៈតំបន់មាត់សមុទ្រ ក៏មានភ្លៀងពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដូចគ្នាដែរ។

សូមបញ្ជាក់ថា ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ តាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសតាមតំបន់និគមជនបទ ភ្លៀងធ្លាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំបង្ហាញពីភាពត្រជាក់ត្រជុំ។ យ៉ាងណាវាក៏ទំនងជារំខានការជួបជុំខ្លះៗដែរ។

កម្ពុជាបានខកខានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាលពីឆ្នាំ២០២១ ដោយសារការអនុវត្តវិធានការបិទខ្ទប់ទូទាំងប្រទេសដើម្បីប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩។ កាលពីឆ្នាំ២០២០ ពិធីបុណ្យចូលឆ្នាំបានប្រារព្ធដែរ ប៉ុន្តែធ្វើឡើងក្នុងក្របខណ្ឌនៃការអំពាវនាវឱ្យរៀបចំតាមផ្ទះរៀងៗខ្លួន។

ពាក់ព័ន្ធនឹងអាកាសធាតុក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ កាលពីឆ្នាំ២០១៩ ក្រសួងធនធានទឹកក៏ធ្លាប់បានព្យាករណ៍ដែរថាគ្រប់តំបន់ទូទាំងប្រទេសត្រូវទទួលរងឥទ្ធិពលពីជ្រលងសម្ពាធពីសមុទ្រចិនខាងត្បូង បណ្ដាលឱ្យមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរនាឱកាសបុណ្យចូលថ្មី៕

ដោយ៖ រ៉េន រតនៈ

Share.