ពីវេទិកាអធិបតីក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវលើកទី១៣ ប្រារព្ធឡើងនៅខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង ឧបនាយរកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរំលឹកគោលការណ៍សំខាន់១០ចំណុចដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។

បើតាមសម្ដេច គោលការណ៍គន្លឹះទាំង១០នោះរួមមាន អ្នកបើកបរត្រូវចេះបើកបរឱ្យបានត្រឹមត្រូវតាមច្បាប់ជាដាច់ខាត! មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនជាដាច់ខាត! មិនត្រូវបើកបរក្រោមស្ថានភាពងងួយដេកជាដាច់ខាត! ត្រូវពាក់មួកសុវត្ថិភាពជានិច្ច! ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច! ត្រូវប្រកាន់ស្ដាំជានិច្ច! ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច! និងត្រូវប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ។ 

នៅពេលស្ថានភាពកូវីដ-១៩ ហាក់ធូរស្រាល សម្ដេចប្រធានគណៈកមម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទាញការកត់សម្គាល់ថាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមយូរអង្វែង។ សម្ដេចបន្តថាជាក់ស្ដែងបើទោះបីជាគ្រោះថ្នាក់មានការថយចុះនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ប៉ុន្តែនិន្នាការនេះបានកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២២នេះ ពិសេសក្នុងត្រីមាសទី១ឆ្នាំ២០២២នេះដែលគ្រោះថ្នាក់បានកើនឡើងក្នុងអត្រាខ្ពស់ បណ្ដាឱ្យស្លាប់និងរបួសច្រើនជាងគ្រោះថ្នាក់សង្គមនានា។

យោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរចរណ៍ផ្លូវគោក ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ មានរាជធានីខេត្តចំនួន៧មានកំណើនអ្នកស្លាប់គ្រោះថ្នាក់ចរាចរណ៍ជាងគេ រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ចាម ក្រចេះ សៀមរាប ព្រះសីហនុ បាត់ដំបង និងខេត្តកំពត។  ចំណែកភូមសាស្រ្តកើនអ្នកស្លាប់ ប៉ុន្តែថយចំនួនអ្នករងរបួសក៏មាន៧ខេត្តដែរ រួមមានខេត្តបន្ទាយមានជ័យ មណ្ឌលគិរី ពោធិ៍សាត់ រតនគិរី ស្ទឹងត្រែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ ខណៈភូមិសាស្រ្តកើនអ្នករងរបួស តែថយអ្នកស្លាប់មាន៦ខេត្ត រួមមានខេត្តកំពង់ឆ្នាំ កំពង់ស្ពឺ កោះកុង កណ្ដាល ព្រះវិហារ និងខេត្តកែប។ 

តាមសន្និដ្ឋខានផ្អែកលើគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង មូលហេតុចំបងបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ ការបើកបរមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែង ការមិនប្រកាន់ស្ដាំ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព៕

Share.