តើគួរប្រើពាក្យ «ថ្វាយទេវតាឆ្នាំថ្មី» ឬប្រើពាក្យ  «សែនទេវតាឆ្នាំថ្មី» ? យោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ថ្វាយ ជាកិរិយាសព្ទ មានន័យថា ឲ្យ ប្រគល់ បូជា។ឧទាហរណ៍ថ្វាយគ្រឿងបណ្ណាការ។
ចំណែកពាក្យសែន មានន័យថាជាការដាក់ភោជនាហារសំបូងសង្រូងចំពោះទៅមតកបុគ្គល ឬដាក់ក្រយាបូជាពោលពាក្យអំពាវនាវចំពោះខ្មោចបិសាច សែនខ្មោច សែនដូនតា សែនពែ សែនព្រេន សែនអ្នកតា។ ឧទាហរណ៍ទាល់តែសែនត្រូវទើបបានស្រួល។

មានអ្នកលេងបណ្ដាញសង្គមបានជម្រាបសួរ លោកគ្រូ អុឹម បុរិន្ទ្រ ថាតើលោកមានទស្សនាទានបែបណាដែរ នៅពេលពលរដ្ឋខ្លះនិយាយថារៀបរណ្ដាប់ថ្វាយទេព្តា និងខ្លះថារៀបរណ្ដាប់សែនទេវតា? លោក អ៊ឹម បុរិន្ទ អ្នក​ស្រាវជ្រាវ​វិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល និងជានាយក​នៃគណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណីទំនៀម​ទម្លាប់ខ្មែរ បានឆ្លើយតបថា «រណ្ដាប់ថ្វាយទេវតាត្រឹមត្រូវជាង»។

សូមបញ្ជាក់នាវេលាម៉ោង​១០ព្រឹក ថ្ងៃព្រហស្បតិ៍​ ១៣កើត​ ខែចេត្រ​ ពុទ្ធសករាជ​២៥៦៥ ត្រូវនឹង​ថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២២ គឺជាវេលាទទួលទេវតាឆ្នាំថ្មី ឆ្នាខាល ហើយ ។  ទេព្តាព្រះនាង កិរិណីទេវី ជាបុត្រីទី៥ នៃអង្គកបិល​មហាព្រហ្ម នឹងត្រូវ​យាងមក​គ្រប់គ្រង​ផែន​ដីនៃជម្ពូទ្វីប។ បើតាម​ក្បួន​តម្រាមហាសង្ក្រាន្ត ទេព្តាឆ្នាំថ្មី ទ្រង់អម្ពរពណ៌បៃតង លម្អ​ដោយសៀតផ្កាមន្ទា ព្រះហស្ត​ស្តាំទ្រង់ កង្វេរ ព្រះហស្តខាងឆ្វេងទ្រង់ និងកាំភ្លើង។

តាមរយៈទំព័រហ្វេសប៊ុក លោកនាយក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណីទំនៀម​ទម្លាប់ខ្មែរ បានណែនាំ​ឱ្យជនប្រុសស្រី រៀបចំគ្រឿងសក្ការបូជា អុជប្រទីបជា្វលា​ ថ្វាយព្រះរតនត្រ័យ ​លះបង់ចិត្តអាក្រក់ គំនុំគំកួន ព្យាបាទ ឈ្នានីស តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកបដោយ​ករុណា មុទិតា ឧបេក្ខា និងបញ្ញា៕

Share.