នៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV បានចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបំភ្លឺបន្ថែមជុំវិញបណ្ដឹងលើករណីជម្លោះជាមួយនឹងឧកញ៉ា ហេង សៀ។

នៅក្នុងសេចក្ដីបំភ្លឺរៀបរាប់យ៉ាងក្បោះក្បាយនិងស៊ីជម្រៅរបស់កញ្ញា មាន ពេជ្ររីតា (យូប៊ី) មានខ្លឹមសារដូច្នេះ៖
រំលឹកឡើងវិញនារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២១ មិនចាំម៉ោង បុគ្គលឈ្មោះ ហេង សៀ បាន Call តាម Telegram មកនាងខ្ញុំថា ខ្លួនមានអំណោយសម្រាប់ចែកជូន អ្នកខ្វះខាតពេលកូវីដ ហើយបានសួរនាងខ្ញុំថា ផ្ទះនៅម្តុំណា? ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា អោយមកម្តុំមុខសាលាអាស៊ីអឺរ៉ុបសង់ថ្មី ដោយនាងខ្ញុំនឹងចេញទៅយក។ នៅពេលឈ្មោះ ហេង សៀ Call មកនោះ នាងខ្ញុំកំពុងតែអប់សក់នៅផ្ទះរបស់នាងខ្ញុំនៅឡើយ។
ដោយសារតែផ្លូវខាងក្រោយចូលផ្ទះនាងខ្ញុំតូចចង្អៀត នាងខ្ញុំក៏បានដើរចេញទៅប្រហែល ១០០ម៉ែត្រ ពីផ្ទះ ដើម្បីចាំទទួលយកអំណោយសម្ភារៈដែលឈ្មោះ ហេង សៀ ថាយកមកឱ្យនាងខ្ញុំ។ ពេលឡានមកដល់ ឈ្មោះ ហេង សៀ បានទទូចឲ្យនាងខ្ញុំឡើងឡានសិន ប៉ុន្តែនាងខ្ញុំបានប្រកែក ដោយប្រាប់គាត់ថា នាងខ្ញុំគ្រាន់តែមកយកអីវ៉ាន់ប៉ុណ្ណោះ ព្រោះនាងខ្ញុំត្រូវទៅលាងសក់ដែលកំពុងអប់។ពេលនោះឈ្មោះ ហេង សៀ បានប្រាប់នាងខ្ញុំអោយឡើងឡានមួយភ្លែត ដោយគាត់ចង់និយាយការងាររឿងធ្វើជាពិធីការិនីក្នុងកម្មវិធីសម្ពោធរោងចក្រ។ នាងខ្ញុំគិតថា ជាការពិភាក្សារឿងការងារ នាងខ្ញុំ ក៏បានយល់ព្រមឡើងជិះឡានជាមួយគាត់ ដោយចូលអង្គុយនៅកៅអីខាងមុខ(ផ្នែកខាងស្តាំអ្នកបើក)។
ស្រាប់តែពេលនោះឈ្មោះ ហេង សៀ បានបើកឡានថយចេញទៅផ្លូវធំតែម្តង ហើយចាប់ផ្តើមនិយាយពាក្យមិនសមរម្យ ដោយថា ប្រដាប់ភេទគាត់ឡើង គាត់ចង់រួមភេទខ្លាំងណាស់ និងចង់នាំនាងខ្ញុំទៅផ្ទះសំណាក់ ដើម្បីរូមភេទជាមួយគាត់ និងបាននិយាយថាប្រពន្ធគាត់មិនព្រម អោយគាត់រួមភេទជាមួយទេ តាំងពីចាក់វ៉ាក់សាំងកូវីដមកម៉្លេះ។ ពេលនោះនាងខ្ញុំបានប្រកែកដាច់អហង្ការ និងទាមទារឱ្យគាត់យកនាងខ្ញុំត្រលប់មកកន្លែងដើមវិញ ប៉ុន្តែគាត់មិនព្រម ហើយថែមទាំងលូកលាន់នាងខ្ញុំ។ នាងខ្ញុំបានប្រាប់គាត់កុំឱ្យធ្វើបែបនេះទៀត ខ្ញុំចង់ទៅផ្ទះ បើនៅតែធ្វើបែបនេះដាក់ខ្ញុំទៀត ខ្ញុំនឹងបើកទ្វារឡានលោតចេញ។ គាត់ក៏បានឈប់ឡានបន្តិច ហើយបានចាប់ទាញដៃនាងខ្ញុំជាប់ និងបានគម្រាមនាងខ្ញុំថា គាត់មានកាំភ្លើង នាងខ្ញុំតក់ស្លុត វិលវល់ មិនដឹងថាត្រូវធ្វើយ៉ាងម៉េច គឺដឹងតែប្រុងប្រៀបការពារខ្លួន ទប់ស្កាត់មិនឱ្យគាត់លូកលាន់បាន។
បន្តមកទៀតឈ្មោះ ហេង សៀ បានបន្តបើកឈប់ៗ ហើយក៏បានឈប់នៅផ្លូវលំតូច ជាកន្លែងស្ងាត់ គាត់បានបន្ត គម្រាមនាងខ្ញុំមិនឱ្យចុះពីឡាន ដោយប្រាប់ថាឲ្យប្រយ័ត្ន គាត់មានកាំភ្លើង។ នាងខ្ញុំពុំបានឃើញកាំភ្លើងទេ តែឈ្មោះ ហេង សៀ បានធ្វើដូចកំពុងរាវរកកាំភ្លើង ដែលនាំឱ្យនាងខ្ញុំកាន់តែភិតភ័យ ហើយឈ្មោះ ហេង សៀ ក៏បានធ្វើសកម្មភាពបន្តលូកស្ទាបគល់ភ្លៅ និង បំពានមកលើរាងកាយនាងខ្ញុំ តែនាងខ្ញុំព្យាយាមរើបម្រាស និងប្រាប់ឱ្យគាត់កុំធ្វើអញ្ចឹង តែគាត់នៅតែបំពានទាំងកំរោលមកលើនាងខ្ញុំដដែល ការព្យាយាមម្តងហើយម្តងទៀត ម្តងលួងលោម ម្តងសំឡុតគំរាម និងបំពារបំពាននោះ មានរយៈពេលយូរគួរសមដែរ។
ដោយគ្មានលទ្ធភាពបើកទ្វារឡានខាងមុខចេញបាន និងដោយសារកៅអីខាងមុខនេះ វានៅកៀកដៃរបស់គាត់ពេក នាងខ្ញុំក៏បានស្ទុះមកកៅអីខាងក្រោយតែត្រូវបានឈ្មោះ ហេងសៀ លូកចាប់ជើងរបស់នាងខ្ញុំ ធ្វើអោយដួលទៅកៅអីខាងក្រោយ និងជាប់ជើងនៅចន្លោះកណ្តាលកៅអី។ នោះជាឱកាស សម្រាប់បុគ្គលនោះបន្តបំពានកាន់តែខ្លាំងមកលើរាងកាយនាងខ្ញុំ ដោយបន្តលូកដៃទាញសំពត់ ក្នុងបំណងសម្រាតនាងខ្ញុំ។ នាងខ្ញុំកាន់តែតក់ស្លុត ចំពោះទង្វើដ៏កំរោល ដែលនៅតែបន្តបំពារបំពានមកលើរូបនាងខ្ញុំ ទើបនាងខ្ញុំនឹកឃើញ និងស្រវេស្រវាយកកាំបិតពីក្នុងកាបូប មកក្រវាសចុះក្រវាសឡើង ក្នុងគោលបំណងការពារកុំឲ្យឈ្មោះនេះរំលោភ និងធ្វើយ៉ាងណាឱ្យតែបានបើកទ្វារចេញរួចពីក្នុងឡាន។
ចំពោះកាំបិតនោះ នាងខ្ញុំពុំបានដឹងថាត្រូវឈ្មោះ ហេង សៀ ឬអត់នោះទេ ដោយស្ថានភាពពេលនោះនាងខ្ញុំមានអារម្មណ៍ខឹងផង ភ័យផងលាយឡំគ្នា និងមិនមានស្មារតីនឹងនរទាល់តែសោះ។ នៅពេលឈ្មោះ ហេង សៀ ថយចេញពីក្នុងឡាន នាងខ្ញុំក៏បានស្រវាចាប់យកទូរស័ព្ទនៅក្បែរដៃ ដោយស្មានថាជាទូរស័ព្ទខ្លួនឯងជ្រុះ។ នាងខ្ញុំក៏បានប្រញាប់បើកទ្វារឡានចុះចេញទាំងអារម្មណ៍មិននឹងនរ និងគ្មានស្បែកជើង ពេលចេញមកខាងក្រៅឡាន នាងខ្ញុំដើរទៅមុខ ហើយបកក្រោយដោយអារម្មណ៍វិលវល់ពុំដឹងថាត្រលប់ទៅផ្ទះវិញតាមផ្លូវណា នាងខ្ញុំដើរផងរត់ផង រហូតដល់ផ្សារគីឡូលេខ៤ ទើបដឹងថាដល់ផ្លូវចូលផ្ទះរបស់នាងខ្ញុំ។
កញ្ញា នាង មាន ពេជ្ររីតា បានបញ្ជាក់បន្ថែមចំពោះការដាក់កាំបិតតាមខ្លួនថា ៖
ការដាក់កូនកាំបិតក្នុងកាបូបនេះ គឺដាក់ជាប់ជាប្រចាំ សម្រាប់ប្រើប្រាស់ពេលមានតម្រូវការ នេះជាទម្លាប់របស់មនុស្សស្រី។ ពេលត្រលប់មកដល់ផ្ទះវិញ នៅពេលនាងខ្ញុំយកទូរស័ព្ទមកចុចស្រាប់តែជាប់ Password ទើបនាងខ្ញុំបានដឹងថា យកទូរស័ព្ទច្រឡំ ប៉ុន្តែនាងខ្ញុំមិនអាចទាក់ទងទៅឈ្មោះ ហេង សៀ ពីរឿងទូរស័ព្ទទេ ព្រោះឈ្មោះនេះទើបតែប៉ុនប៉ងរំលោភនាងខ្ញុំ។ ដោយពុំដឹងថាត្រូវធ្វើយ៉ាងម៉េចចំពោះទូរស័ព្ទនេះ ទើបនាងខ្ញុំទុកទូរស័ព្ទនេះចោលក្នុងទូរ និងមិនបានប៉ះពាល់ ឬប្រើប្រាស់អ្វីទាំងអស់។
នៅថ្ងៃទី០៨ នគរបាលខណ្ឌទួលគោក បានមកល្បួងនាំខ្លួននាងខ្ញុំឲ្យទៅប៉ុស្តិ៍ ដោយប្រាប់ថាមានបណ្តឹងរបស់ឈ្មោះ ហេង សៀ ថានាងខ្ញុំបានលួចយកទូរស័ព្ទនិងចាក់គេ ហើយបានឃាត់ខ្លួននាងខ្ញុំ រយៈពេល៣ថ្ងៃនិង៣យប់ រួចទើបបញ្ជូនមកតុលាការតែម្តង។ ចំពោះការចោទប្រកាន់ថានាងខ្ញុំជាស្រីរកស៊ីលក់ខ្លួនម្តង ២០០$ ឬ ៣០០$ និងថាធ្លាប់បានរួមភេទជាមួយនាងខ្ញុំ ២-៣ដង និងថានាងខ្ញុំជាស្រីចិញ្ចឹមលួចលាក់ គឺជាការមួលបង្កាច់ដោយព្រៃផ្សៃនិងថោកទាប ដែលមើលងាយដល់ស្ត្រីភេទទន់ខ្សោយ អមនុស្សធម៌បំផុត របស់បុគ្គលល្មោភកាមឈ្មោះ ហេង សៀ នេះ។
ជាការពិតនាងខ្ញុំ ពុំដែលបានទាក់ទងស៊ីជម្រៅស្នេហាអី ជាមួយមនុស្សប្រភេទនេះម្តងណាទេ ព្រោះវ័យនាងខ្ញុំ និងឈ្មោះហេង សៀ ស្មើនឹងចៅ និង ជីតា។ នាងខ្ញុំ បានសុំឱ្យលោកចៅក្រមស៊ើបសួរសម្រេច លើកលែងចោទប្រកាន់ចំពោះរូបនាងខ្ញុំ ដោយហេតុថានាងខ្ញុំពុំមានចេតនាចាក់ឈ្មោះ ហេង សៀ ដើម្បីយកទូរស័ព្ទមកធ្វើជាកម្មសិទ្ធិ ដូចការចោទប្រកាន់ឡើយ។ នាងខ្ញុំគ្រាន់តែយកកាំបិតនេះមកគ្រវាសចុះឡើង ដើម្បីការពារខ្លួនឲ្យបានរួចផុតអំពី ដ៏ឃោឃៅព្រៃផ្សៃថោកទាបបំផុត និងពីការប៉ុនប៉ងរំលោភនាងខ្ញុំពីសំណាក់ឈ្មោះ ហេង សៀ នេះ។
នាងខ្ញុំក៏បានប្រាប់តុលាការដែរថា រាល់ទង្វើល្មើស បំពារបំពានមកលើនាងខ្ញុំ នាងខ្ញុំបានដាក់ប្តឹងបុគ្គលនោះវិញរួចហើយ នាងខ្ញុំត្រូវតែតស៊ូជាមួយក្រុមមេធាវីសម្តេចតេជោ ដើម្បីស្វែងរកយុត្តិធម៌ពិតប្រាកដមកវិញ។
នាងខ្ញុំសូមគោរពជម្រាបជូនថ្នាក់ដឹកនាំ «សម្តេចតេជោសន្តិភាពយុត្តិធម៌» ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សាធារណ:ជន និងពុកម៉ែបងប្អូន មេត្តាជ្រាប និងជួយផ្តល់យុត្តិធម៌ ដល់រូបនាងខ្ញុំ និងស្ត្រីទន់ខ្សោយទូទៅទូទាំងប្រទេសផង។

