
កីឡាករ Miftah Anwar Sani របស់ឥណ្ឌូណេស៊ី ត្រូវបានក្លិបបាល់ទាត់ FK Sloboda Tuzla សមាជិកពានរង្វាន់លីគកំពូលនៃប្រទេសបូស្នី-ហឺហ្ស៊េហ្គោវីណា Premijer liga 2020-21 ក្នុងទ្វីបអឺរ៉ុប ខ្ចីជើងយកទៅចូលរួមក្រុម ខណៈកៀកទៅនឹងចប់រដូវកាលហើយ។
កីឡាករវ័យ២៥ឆ្នាំរូបនេះមិនធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ពីមុនមកទេ ខណៈរូបគេជាយុវជនថ្នាលនៅក្លិបGDTC ក្លិប SSB Saint Prima និងក្លិប Persema Malang។ នៅឆ្នាំ២០១៧ដល់២០១៩ រូបគេចុះកិច្ចសន្យាលេងឱ្យក្លិប TIRA-Persikabo ក្នុងលីគកំពូលឥណ្ឌូណេស៊ី Liga 1 ហើយអំឡុងពេលនោះក្លិប PPSM Magelang និងក្លិប Madura នៅលីគលំដាប់ទី២ Liga 2 ខ្ចីជើង។
នៅឆ្នាំ ២០១៩-២០ ខ្សែការពាររូបនេះបានផ្ទេរទៅចូលរួមក្រុមលីគទី២ Badak Lampung និងនៅឆ្នាំ២០២០-២១ បានចូលរួមជាមួយក្រុម Persita Tangerang ក្នុងពាន Liga 1 វិញ។

ដំណើរទៅដល់ក្លិប FK Sloboda Tuzla របស់កីឡាករ Miftah Anwar Sani គឺកៀកនឹងបញ្ចប់រដូវកាលពាន Premijer liga 2020-21 ទៅហើយ ខណៈក្រុមដែលមានមូលដ្ឋាននៅTuzla ដែលជាទីក្រុងធំលំដាប់ទី៣ក្នុងប្រទេសបូស្នី-ហឺហ្ស៊េហ្គោវីណា កំពុងឈរចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមសមាជិកទាំង១២ក្រុម បន្ទាប់ពីប្រកួត៣១លើកមកនេះឈ្នះបាន១០លើក ស្មើគ្នា៦លើក និងចាញ់១៥លើក។ ក្រុម FK Sloboda Tuzla នៅសល់តែ២ប្រកួតក្នុងដៃប៉ុណ្ណោះ នឹងចប់រដូវកាលហើយ៕
