នាង Milli ឬមានឈ្មោះពេញ Milli​-Dhanupha Khanatheerakul (มิลลิ-ดนุภา คณาธีรกุล) គឺជាតារាចម្រៀងរ៉េបវ័យក្មេងនៅក្នុងប្រទេសថៃមានឈ្មោះល្បី និងមានវ័យ១៩ឆ្នាំ។ កាលពីថ្ងៃទី ១៧ ខែមេសា កន្លងមកនេះ នាងមានវត្តមានសម្ដែង និងច្រៀងនៅលើឆាកតន្ត្រីលំដាប់ពិភពលោក Coachella Valley Music and Art Festival នៅលើទឹកដីសហរដ្ឋអាមេរិក។

ជាមួយគ្នានោះដែរ នាងគឺជាតារាស្រីអាស៊ីម្នាក់ដែលមកពីប្រទេសថៃ នៅក្នុងចំណោមតារាទាំង៧នាក់មកពីតំបន់ប្រទេសនៅអាស៊ី។ នៅលើឆាកតន្ត្រីដ៏អស្ចារ្យនឹងសប្បាយរីករាយនោះ រ៉េបភើ Milli បានសម្ដែង និងបញ្ចេញកាយវិកាហូបបាយដំណើបស្វាយទុំជាសាធារណៈនៅលើឆាកមហោស្រពសិល្បៈនោះ រហូតបានក្លាយទៅជាប្រធានបទក្ដៅនៅលើបណ្ដាញសង្គម ជាពិសេសក្នុងស្រុកថៃតែម្ដង។

មានការលើកឡើងខ្លះនិយាយថា ការសម្ដែងរបស់ Milli មើលទៅដូចជាកំប្លែងៗ និងឆ្កួតៗ ក៏ប៉ុន្តែ​ភាពឆ្លាតវៃនៃអ្នកសិល្បៈថៃរូបនេះអាចជួយដល់កសិករថៃបានច្រើនសម្បើម។ ក្រោយពីផ្ទុះកាយវិការបស់នាងនៅលើបណ្ដាញសង្គមហើយនោះ គេសម្គាល់ឃើញថា ដោយសារតែនាងជាតារាថៃល្បីនិង ដោយសាតែឥទ្ធិពលនៃអ្នកសិល្បៈដ៍ល្បីមួយរូបនេះចេញទៅបង្ហាញនៅលើឆាកអន្តរជាតិទៀតនោះ ទើបជាហេតុនាំឱ្យហ្វេន និងមហាជនថៃ​ ក៏ដូចជាជនបរទេសមួយចំនួនធំ នាំគ្នាពពាក់ពពូនទិញស្វាយទុំ បាយដំណើប​យកមកទទួលទាន ឯផលកម្រៃគឺបានធ្លាក់ទៅលើដៃរបស់កសិករថៃ​ រកស្វាយទុំលក់ស្ទើមិនគ្រប់តាមតម្រូវការទីផ្សារ។

តាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod បានឱ្យទៀតថា ស្របពេលប្រទេសថៃមានភ្ញៀវទេសចរណ៍ចំនួនច្រើនមកកម្សាន្តលេងនាឱកាសថ្ងៃបុណ្យចូលឆ្នាំថៃ និងតារាចម្រៀងរ៉ប Milli ធ្វើឱ្យបាយដំណើបស្វាយទុំក្លាយជាប្រធានបទក្ដៅកក្រើកពេញបណ្ដាញសង្គមទៀតនោះ បង្អែមបាយដំណើបស្វាយទុំដែលភ្ញៀវទេសចរណ៍និយមចូលចិត្ត បានក្លាយជាលក់ដាច់ខ្លាំងជាងមុន រហូតខ្វែងដៃខ្វែងជើងសឹងមិនទាន់។​ មានការលើកឡើងរបស់អ្នកលក់ស្វាយម្នាក់វ័យ ៦២ ឆ្នាំនៅក្នុងប្រទេសថៃបានលើកឡើងថា ពីមុនលក់ផ្លែស្វាយក្នុងមួយថ្ងៃបានចំនួនតែ ៣ ទៅ ៤ កន្ត្រកប៉ុណ្ណោះ (ប្រមាណ១០គីឡូក្នុងមួយកន្ត្រក) តែនៅពេលនេះ គឺអាចលក់បានដល់ទៅច្រើនជាង 10 កន្ត្រកឯណេះ។

នេះបញ្ជាក់ឱ្យឃើញថា ទីផ្សារផ្លែស្វាយរបស់ថៃបានកើនឡើង និងលក់ដាច់អស់រាប់តោនក្នុងមួយថ្ងៃ។ ក្រៅពីផ្លែស្វាយកំពុងមានទីផ្សារខ្លាំងនៅក្នុងប្រទេសថៃហើយនោះ បង្អែមបាយដំណើបស្វាយទុំនេះ ក៏ត្រូវបានប្រធាននាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃឱ្យដឹងថា បង្អែមនេះគឺស្ថិតក្នុងបញ្ជីដែលនាយកដ្ឋានគ្រោងនឹងស្នើទៅអង្គការយូណេស្កូផងដែរ៕

Telegram-Troryorng
Share.