សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានដឹកនាំមន្រ្តីជំនាញបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២១ ខែមេសានេះ។

យោងតាមមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រយងបានស្រាវជ្រាវ គណៈអភិបាលរាជធានីធានីភ្នំពេញដែលសំដៅទាំងភិបាល និងអភិបាលរងនោះ មានចំនួនយ៉ាងច្រើន៧រូប ខណៈគណៈអភិបាលខេត្តចំនួនចាប់ពី៣ទៅ៧រូប ហើយគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនចាប់ពីពី៣ទៅ៥រូប​។ ចំនួនជាក់ស្ដែងនៃគណៈអភិបាលនីមួយៗត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើររដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ប្រាប់គេហទំព័រត្រយងបន្ថែមនៅថ្ងៃនេះថាកិច្ចប្រជុំរវាងប្រតិភូតំណាងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាដឹកនាំដោយឯកឧត្តម ប៉ែន បញ្ញា នាព្រឹកមិញនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាបានទទួលសេចក្ដីព្រាងវិសោធនកម្មមាត្រា១៤០នេះពីរាជរដ្ឋាភិបាល។

យោងតាមសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាល វិសោធនកម្មមាត្រា១៤០ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សនៅក្នុងគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រ នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

កន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏ធ្លាប់បានមានប្រសាសន៍ដែរថា ការវិសោធនកម្មបង្កើនចំនួនគណៈអភិបាលនេះ គឺបន្ទាប់ពីរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនោះ កាន់តែទទួលបន្ទុកលើការងារសំខាន់ៗច្រើនតាមរយៈយន្តការវិមជ្ឈការ និងវិសហមជ្ឈការដែលមានការផ្ទេរអំណាចពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិដើម្បីបំរើសេវាសាធារណៈ​ជូនពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

ជុំវិញដំណើរឈានទៅវិសោធនកម្មច្បាប់នេះដែរ ឯកឧត្តម ឡេង ប៉េងឡុង បានឱ្យដឹងទៀតថាក្រោយកិច្ចប្រជុំវាងរវាងប្រតិភូតំណាងរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភានេះទៅ គណៈកម្មការជំនាញរដ្ឋសភានឹងធ្វើរបាយការណ៍ដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា មុននឹងដាក់ជូនរដ្ឋសភាក្សា និងអនុម័ត៕

Share.