លោក សុក វាសនា គ្រូបង្វឹកក្រុម​អាស៊ីអឺរ៉ុប

លោក សុក វាសនា គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​អាស៊ីអឺរ៉ុប ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល សារី ថាណាក់ ពិន័យ​កាត​ក្រហម អំឡុង​ការ​ប្រកួត​សប្ដាហ៍​ទី៦ នៃ​ពានរង្វាន់​លីគ​កម្រិត​ទី២ Cambodian League 2 រដូវកាល​ឆ្នាំ​២០២២ ក្រុម​របស់​លោក បើក​ទ្វា​កីឡដ្ឋាន AEU Sport Park ទទួល​ស្វាគមន៍​ក្រុម​​កំពូល​តារាង​អគ្គីសនីកម្ពុជា។

ការ​ប្រកួត​នេះ​ចាប់​ដំណើរការ​ពី​ម៉ោង​៣:៣០នាទី​ការ​ពិន័យ​លោក សុក វាសនា ​នេះ​កើត​ឡើង​នៅ​នាទី​៩០+១ ហើយ​ទៅ​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ មុន​លោក​អាជ្ញាកណ្ដាល​បន្ត​ពិន័យ​កាត​ក្រហម​លោក ពិជ័យ សុភារា ដែល​ជា​គ្រូ​ជំនួយ​១សន្លឹក​ទៀត។ ក្រៅ​ពី​នោះ​ប្រកួត​នេះ​លោក​អាជ្ញាកណ្ដាល​ចាយ​កាត​លឿង​៩សន្លឹក​ ដោយ​ក្នុង​នោះ​ទៅ​លើ​អាស៊ីអឺរ៉ុប​៥​សន្លឹក និង​អគ្គីសនីកម្ពុជា ៤សន្លឹក។

ជម្រើស១១នាក់ដំបូងរបស់ក្រុមអាស៊ីអឺរ៉ុប

ក្រោយ​ចប់​ការប្រកួត​រហូត​ដល់​ថ្ងៃ​ទី​២២​ខែ​មេសា ឆ្នាំ​២០២២ លោក សុក វាសនា បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ពី​​សេចក្ដី​សម្រេច​ (ភ្ជាប់​ខាង​ក្រោម) របស់​គណៈកម្មការ​វិន័យ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា លេខ​០៣៧/២២ ស.ប.ក ដោយ​ពិន័យ​មិន​ឱ្យ​លោក សុក វាសនា ចូលរួម​​ការ​ប្រកួត​ពានរង្វាន់​លីគ​ទី២​ឆ្នាំ​២០២២ និង​ការ​​ប្រកួត​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ចំនួន​៤​ប្រកួត រួម​ទាំង​ការ​ព្យួរ​ដោយ​ស្វ័យ​ប្រវត្តិ និង​ពិន័យ​ជា​ទឹក​ប្រាក់​២៥០.០០០រៀល ពី​បទ​ជេរ​ប្រមាថ​មន្រ្ដី​ដឹកនាំ​ការ​ប្រកួត។

លោក សុក វាសនា មាន​សិទ្ធិ​ប្តឹង​ទៅ​គណៈកម្មការ​ឧទ្ធរណ៍​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក្នុង​រយៈ​ពេល​៥​ថ្ងៃ​ក្រោយ​ចេញ​សេចក្ដី​សម្រេច។ ករណី​មិន​បាន​ប្តឹង​ឧទ្ធរណ៍​សេចក្ដី​សម្រេច​នេះ ចូល​ជា​ធរមាន។

នៅ​លើ​ហ្វេសប៊ុក​លោក សុក វាសនា បញ្ជាក់​ថា​៖«សូម​គោរព​លោក​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា លោក​ប្រធាន​ក្រុម​ហ៊ុនលីគ ប្រធាន​អាជ្ញាកណ្តាល ជាទី​គោរព​និង​ប្រធាន​ប្រឹក្សាវិន័យ ខ្ញុំ​បាទ​ទទួល​កំហុស​ចំពោះ​ឥរិយាបថ​មិន​សមរម្យ​របស់ខ្ញុំ ក៏​ប៉ុន្តែ​សូម​លោក​ប្រធាន​ពិនិត្យ​លើ Video ខាង​ក្រោម​(ក្នុង​ហ្វេសប៊ុក​របស់​លោក) ដោយ​ក្តី​អនុគ្រោះ និង​កែប្រែ​កំហុស​អាជ្ញាកណ្តាល​អសម្ថភាព​ដឹកនាំ​ការ​ប្រកួត (រូប​កាន់​បាល់) នេះ​ចេញ​ព្រោះ​ការ​អភិវឌ្ឍន៍​​បាល់ទាត់​ជាតិ​ទាមទា​អោយ​កម្រិត​សមត្ថភាព​ខ្ពស់​ដូច​គ្នា។ វាជា​លើក​ទី​1ក្នុង​ការ​ដឹកនាំ​របស់​ខ្ញុំ​ដែល​មក​ជួប​និង​មនុស្ស​អសមត្ថភាព​ដឹកនាំ​ការ​ប្រកួតរួមនិងទទួលពិន័យបែបនេះនោះ»។

សូម​បញ្ជាក់​​ថា​​មុន​ការ​ពិន័យ​កាត​ក្រហម​ទាំង​២​សន្លឹក​ក្នុង​ការ​ប្រកួត​នេះ លទ្ធផល​របស់​ក្រុម​ទាំង​២​កំពុង​ស្មើ​គ្នា​២ទល់២។ ប៉ុន្តែ​​ដល់​​៩០+៣ កីឡាករ​ ឈឿង វិស៊ីនុ រក​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​អគ្គីសនីកម្ពុជា ខណៈ​ម៉ោង​បន្ថែម​មាន​៥នាទី ហើយ​ចប់​ការ​ប្រកួត​អាស៊ីអឺរ៉ុប ២-៣ អគ្គីសនីកម្ពុជា។ អំឡុង​ម៉ោង​បន្ថែមនេះ​មាន​កីឡាករ​ខាង​ក្រុម​អគ្គីសនីកម្ពុជា ត្រូវ​ពិន័យ​កាត​លឿង​២សន្លឹកផង​ដែរ។

មន្រ្តីអាជ្ញាកណ្ដាល​ដែល​ដឹកនាំការប្រកួត

គិត​ត្រឹម​ពេល​នេះ​ពានរង្វាន់​លីគ​ទី២ ឆ្នាំ​២០២២ មាន​កីឡាករ​និង​ថ្នាក់​ដឹកនាំ​ក្រុម​ចំនួន​១១​រូប​ហើយ​ត្រូវ​​ពិន័យ​កាត​ក្រហម ខណៈ​នេះ​ជា​ប្រកួត​ទី២​ហើយ​ដែល​ប្រកួត​១​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​លើស​ពី១​សន្លឹក បន្ទាប់​ពី​ជំនួប​រវាង​​ក្រុម​អគ្គីសនីកម្ពុជា ទល់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ក្នុង​សប្ដាហ៍​ទី៣ ដែល​លោក​អាជ្ញាកណ្ដាល​ ភាវ ភា ចាយ​កាត​ក្រហម​ដល់​ទៅ​៤​សន្លឹក​ព្រម​ទាំង​កាត​លឿង​៩សន្លឹក​ផង​ដែរ៕

រូបថត៖ AEU

Telegram-Troryorng
Share.