«កម្ពុជាចាត់ទុកទឹកថា «មាស ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន»។ សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជាបានគូសបញ្ជាក់យ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពី បញ្ហាទឹកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ ប្រារព្ធនៅទីក្រុងខឺម៉ាមុតុ ប្រទឹសជប៉ុន។

បើតាមសម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជាតែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្រ្ត និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស ហើយថាកម្ពុជានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។

សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្តថា«ការពិតទឹកគឺជាធនធានដ៏មានសារសំខាន់សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណភាព, ប៉ុន្តែធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះ ពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក, ការប្រែប្រួលអាកាសធាតុ, គ្រោះទឹកជំនន់ និងភាពរាំងស្ងួត, ការកើនឡើងនូវចំនួនប្រជាជន និងការបន្តរីកចំរើនយ៉ាងឆាប់រហ័សដែលបាននិងកំពុងបន្តដាក់ សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹកផងដែរ»។

សម្ដេចបានចាត់ទុកអភិក្រមនៃការគ្រប់គ្រងធនធានទឹកនាពេលបច្ចុប្បន្នថាជាការកំណត់គុណភាពជីវិតរស់នៅទាំងបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយនាពេលអនាគត និងថាក្នុងន័យនេះ ធនធានទឹកបានក្លាយជារបៀបវារៈមួយសំខាន់ដែលត្រូវខិតខំប្រឹងប្រែងរួមគ្នាគ្រប់គ្រងឲ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត តាមរយៈការបន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធសំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក  និងការបន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។

នៅចំពោះមុខប្រមុខរាជ/រដ្ឋាភិបាល និងឥស្សរជន​នយោបាយ ព្រមទាំងតំណាងអង្គការជាតិ និងអង្គការអន្តរជាតិ​ជា​ច្រើ​ន​​​រូប សម្ដេចក៏បានផ្ដល់ទស្សនាទៀនអំពីការការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល និងការបន្តគាំទ្រដល់កម្មវិធី គំនិតផ្តួចផ្តើម និងសកម្មភាពនានាដែលគាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា«ប្រជាជនសកលលោកគ្រប់រូប ទទួលបានទឹកមកប្រើប្រាស់តាមតម្រូវការ»។

សូមបញ្ជាក់ថាតបតាមការអញ្ជើញរបស់​ឯកឧត្តម គីស៊ីដា ហ្វឹមីអូនាយករដ្ឋមន្ត្រីជប៉ុន និងគណៈ​កម្មាធិការ ​ប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​​កំពូល​លើក​​​ទី៤ ស្តីពី «បញ្ហាទឹកនៅតំបន់​អាស៊ី-ប៉ាស៊ីហ្វិក» ក្រោមមូលបទ «ទឹក​​សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្ត​វេនជំនាន់ក្រោយ» នៅប្រទេសជប៉ុន ចាប់ពី២៣-២៤ ខែមេសា ឆ្នាំ២០២២។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងឱកាសមានវត្តមាននៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន ​ និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្រ្តីជប៉ុននឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ព្រមទាំងជា​អធិបតីនៃ ពិធីចុះហត្ថលេខាលើអនុស្សារណៈ​នៃ​កិច្ច​សហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ជប៉ុន។

តាមការក៏រំពឹងទុក សម្ដេចក៏គ្រោងមានជួបពិភាក្សាការងារ​ទ្វេភាគីជាមួយឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ទទួលជួបការ​សម្តែង​ការគួរសម​ ពីសំណាក់​ឥស្សរជន​នយោបាយ និងធុរជន ​ជប៉ុនមួយចំនួនផងដែរ៕

Share.