មួយថ្ងៃក្រោយផ្ញើសាររំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព គឺនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានមានប្រសាសន៍គូសបញ្ជាក់អំពីព័ត៌មានដែលសម្ដេចទទួលបានពាក់ព័ន្ធហេតុការណ៍បាញ់ប្រហារពីជនសង្ស័យក្នុងបទល្មើសគ្រឿងញៀនបណ្ដាឱ្យសមត្ថកិច្ច២នាក់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវពលីជីវិត កាលពីថ្ងៃទី២១ ខែមេសា។

ពីវេទិកាអធិបតីនៃពិធីបញ្ចុះខណ្ឌសីមាព្រះសវិហារនៅស្រុកពាមជរ ខេត្តព្រៃវែង សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ករណីបទល្មើសគ្រឿងញឿននៅស្រុកអង្គស្នួលនោះ ដ្បិតថាឧក្រិដ្ឋជនមិនមែនរកស៊ីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ប៉ុន្តែក៏បានបង្កការរំខាន អុកឡុក បង្កើតភាពអសន្តិសុខនៅកន្លែងនោះផងដែរ ពិសេសធ្វើឱ្យយុវជនមួយចំនួនវីវក់នឹងគ្រឿងញៀន។

សម្ដេចរៀបរាប់ថា«នគរបាលប៉ុស្តិ៍របស់យើងគាត់លឺព័ត៌មាននេះ ក៏បាននាំគ្នាទៅជាមួយសមត្ថកិច្ចដ៏ទៃទៀតដែលមានការពាក់ព័ន្ធ»។ សម្ដេចបន្តថាពេលចុះទៅដល់ទីតាំងផ្ទះមុខសញ្ញាជួញដូរចែកចាយគ្រឿងញៀននោះ សមត្ថកិច្ចបានឆែកឆេរដែរ ក៏ប៉ុន្តែរកមិនឃើញជនល្មើសនោះទេ។ សម្ដេចមានប្រសាសន៍ទៀតថា«សំទោស ដំបូងហាក់ដូចជាថាប្រយត្នដែរ (ព្រោះ) រកមិនឃើញ ក៏(សន្និដ្ឋាន)ថាតាមមើលប្រហែលជាវារត់ចូលព្រៃអស់ហើយ»។

បើតាមសម្ដេច ជនសង្ស័យមិនបានរត់ចូលព្រៃដូចការសន្និដ្ឋាននោះទេ ដោយទៅអង្គុយគៀនផ្ទះយកភួយគ្របពីលើ។ «អ្នកទៅឆែកហ្នឹងមិនចាប់អារម្មណ៍ទៅទៀត ទៅលើកអាភួយហ្នឹង។ ដល់តែលើកអាភួយហ្នឹង អានោះវាមានកាំភ្លើងស្រេច។ មេប៉ុស្តិ៍ប៉ូលីសទៅលើកភួយ អានោះបាញ់ផូងត្រូវចំដើមទ្រូង ហើយនឹងប៉ូសលិសម្នាក់ទៀតទៅជាមួយ។ ស្លាប់អស់ពីរនាក់ មានការសោកស្ដាយណាស់»។

កាលពីថ្ងៃសុក្រម្សិលមិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកមរណទុក្ខជូនក្រុមគ្រួសារនគរបាលជាតិទាំងពីរ។ សម្ដេចរៀបរាប់ថាមន្រ្តីនគរបាលជាតិទាំងពីរបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការចូលរួមចំណែកថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមយ៉ាងល្អប្រសើរក្នុងមូលដ្ឋាននារយៈពេលកន្លងមក រហូតពលីជីវិត ក្នុងបុព្វហេតុជាតិ និងប្រជាជន។

សូមបញ្ជាក់ថាមន្រ្តីនគរបាលដែលបានពលីទាំងពីររូបនោះ រួមមានលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេច នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកប្រមាណ៧នាក់។ ពេលនេះសមត្ថកិច្ច បន្តការស្វែងរកជនល្មើសទាំងបន្ថែមទៀត៕

Share.