អង់គ្លេស – អតីត​បេក្ខនារី​ចូលរួម​ប្រកួត​កម្មវិធី​ Britain’s Got Talent បាន​ចេញ​មក​អះអាងថា​កម្មវិធី​ប្រកួត​សមត្ថភាព​ទេពកោសល្យ​​ដែល​ផ្សាយ​នៅ​លើ​ទូរទស្សន៍ ITV គឺ​ក្លែង​ក្លាយ​។

កញ្ញា​ Gracie May មាន​វ័យ​១៦​ឆ្នាំ​ គឺ​ជា​បេក្ខជន​ម្នាក់​បាន​ចេញ​មក​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម​ Tiktok ចែក​រំលែក​បទ​ពិសោធន៍​ចូលរួម​ប្រកួត​ (Audition) របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ខាង​លើ​កាល​ពី​អាយុ​៩​ឆ្នាំ​។

យុវតី​រូប​នេះ​បាន​ចាប់​ផ្ដើម​និយាយ​ពី​ការ​តម្រង់​ជួរ​យ៉ាង​វែង​ដើម្បី​រង់ចាំ​បង្ហាញ​សមត្ថភាព​ដោយ​ក្នុង​នោះ​មាន​ការ​បង្ហាញ​សមត្ថភាព​បេក្ខជន​យ៉ាង​ហោច​៩​ទៅ​១០​នាក់​នៅមុខ​គណៈកម្មការ​។

​ក្នុង​ពេល​កំពុង​តែ​បង្ហាញ​សមត្ថភាព​នោះ​ Gracie និយាយ​ថា​ផលិតករ​បាន​ស្នើ​ឱ្យ​អ្នក​ប្រកួត​ផ្លាស់​ប្ដូរ​ ដក​ឬ​ដាក់​បន្ថែម​ចំណុច​មួយ​ចំនួន​ ដើម្បី​ឱ្យ​ត្រូវ​នឹង​អ្វី​ដែល​ពួក​គេ​ចង់​បាន​។ សូម្បី​តែ​បទ​ចម្រៀង​ដែល​ឡើង​ប្រកួត​ក៏​ពួក​គេ​មាន​សិទ្ធិ​សម្រេច​ចិត្ត​ថា​បេក្ខជន​គួរ​ច្រៀង​បទ​ចម្រៀង​មួយ​ណា​ដែរ​។

ក្នុង​វីដេអូ​នោះ​ Gracie ថែម​ទាំង​រំលេច​បន្ថែម​ទៀត​ថា​គ្រប់យ៉ាង​ត្រូវ​បាន​ថត​ជា​សេកង់​ៗ​រួច​រាល់​អស់​ហើ់យ​ ចំណែក​ទី​បញ្ចប់​ក៏​ត្រូវ​បាន​ថត​ទុក​មួយ​ឬ​ពីរ​រួច​អស់​ដែរ​។ ចំំណែក​សកម្មភាព​ដែល​បេក្ខជន​ឆ្លើយ​តប​ចំពោះ​ Yes 4 ឬ No 4 ក៏​ត្រូវ​បាន​ថត​ទុក​មុន​ពេល​ដែល​ពួក​គេ​បានបង្ហាញ​សមត្ថភាព​នៅ​ចំពោះ​មុខ​គណៈ​កម្មការ​ដោយ​ផ្ទាល់​ដែរ​។

ក្រុម​រាំ​របស់​ Gracie បាន​ Yes ចំនួន​ ៤ ប៉ុន្តែ​មិន​បាន​ឡើង​ទៅ​ដល់​វគ្គ​ Live Show នោះ​ឡើយ​។ ក្រោយ​ពី​សម្ដែង​សមត្ថភាព​ចប់​ គ្មាន​អ្វី​កើត​ឡើង​ទាំង​អស់​ ក្រុមការងារ​មិន​បាន​តេទាក់ទង​ពួកយើង​ឱ្យ​ត្រលប់​ទៅ​សម្ដែង​សមត្ថភាព​បន្ត​ទៀត​ឡើយ​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៀត​នោះ​គឺ​ក្រុម​គ្រួសារ​និង​សាច់​ញាតិ​មាន​សិទ្ធិ​បាន​មើល​ត្រឹម​តែ​ការ​សម្ដែង​របស់​បងប្អូន​ ឬ​ក្រុមគ្រួសារ​ខ្លួន​ប៉ុណ្ណោះ​ ដើម្បី​ថត​សកម្មភាព​និង​ទឹក​មុខ​ ក្រោយ​ការ​សម្ដែង​ចប់​ ​ពួក​គេ​ត្រូវ​ក្រោក​ចេញ​ពី​កន្លែង​អង្គុយនោះ​ ដើម្បី​ទុក​ឱ្យ​គ្រួសារ​ឬ​សាច់​ញាតិ​បេក្ខជន​ផ្សេង​ទៀត​ឡើង​មក​អង្គុយ​ដើម្បី​ថត​សកម្មភាព​និង​ទុក​មុខ​វិញ​ម្ដង​។​

ការ​លើក​ឡើង​នេះ​ហាក់​សបង្ហាញ​ថា​ការ​បង្ហាញ​សមត្ថភាព​ដែល​ទទួល​បាន​ ប៊ូតុងមាស​គឺ​បាន​រៀបចំ​ទុក​​ហើយ​។ ក៏​ប៉ុន្តែ​បើ​ស្ដាប់​តាម​​សម្ដី​របស់​ Gracie តារា​ Tiktok រូប​នេះ​​លើក​ឡើង​​ថា​នាង​ក៏​​មិន​ដឹងដូច​គ្នាដែរ​​ថា​តើ​ការ​បង្ហាញ​សមត្ថភាព​ដែល​ទទួល​បានប៊ូតុងមាស​គឺជា​ការ​ជ្រើសរើស​មុន​ឬ​ក៏​អត់​នោះ​៕

ប្រភព៖ thesun

Telegram-Troryorng

Share.