
អ្នកចាំទីវ័យ៤២ឆ្នាំជនជាតិអ៊ីតាលី Gianluigi Buffon ដែលកំពុងប្រកបអាជីពនៅក្នុងក្លិបបាល់ទាត់ Juventus បានចំណាយពេលនៅលើវាលស្មៅអស់ជាង២៦ឆ្នាំហើយក្នុងនាមជាកីឡាករអាជីព ខណៈរឿងដែលកើតឡើងកាលពីពេលថ្មីៗចំពោះរូបគេនោះគឺឈ្នះពាន Coppa Italia តាំងពីជំនាន់ឪពុក រហូតដល់កូន។
នៅឆ្នាំ១៩៩៩ Buffon បានឈ្នះពានរង្វាន់ពានរង្វាន់ Coppa Italia លើកដំបូងក្នុងអាជីពរបស់ខ្លួនកាលប្រកបអាជីពក្នុងក្រុម Parma ក្នុងវ័យ២១ឆ្នាំនៅគ្រានោះ ហើយមិត្តរួមក្រុមខ្លួនម្នាក់មានឈ្មោះថា Enrico Chiesa។ រំលង២២ឆ្នាំក្រោយមក ចូលដល់ឆ្នាំ២០២១ ក្នុងវ័យ៤២ឆ្នាំរូបគេបានឈ្នះ Coppa Italia ម្តងទៀតដែលមានមិត្តរួមក្រុមឈ្មោះថា Federico Chiesa វ័យ២៣ឆ្នាំ ជាកូនប្រុសបង្កើតរបស់ Enrico Chiesa។
ក្រុម Juventus ឈ្នះពាន Coppa Italia រដូវកាលឆ្នាំ២០២០-២១ បន្ទាប់ពីផ្ដួលក្រុមAtalanta នៅយប់ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញ ដោយលទ្ធផល២ទល់១ ខណៈ Buffon បង្ហាញខ្លួនជាអ្នកចាំទី និង Federico Chiesa រកបានគ្រាប់បាល់១គ្រាប់ជួយក្រុមផងដែរ។

កីឡាករ Buffon ធ្លាប់បានឈ្នះពានរង្វាន់ Coppa Italia ចំនួន៦លើកមកហើយ តាំងពីប្រកបអាជីពលើកដំបូងក្នុងឆ្នាំ១៩៩៥ ជាមួយក្រុម Parma ហើយនៅឆ្នាំ២០០១ បានផ្ទេរទៅក្រុម Juventus រហូតដល់ឆ្នាំ២០១៨បានផ្ទេរទៅលេងក្រុមParis Saint-Germain ក្នុងប្រទេសបារាំង និងឆ្នាំ២០១៩ ត្រឡប់ទៅកាន់ Juventus វិញរហូតដល់បច្ចុប្បន្ន។ ប៉ុន្តែថ្មីៗនេះបុរសដែលបង្ហាញខ្លួនឱ្យជម្រើសជាតិអ៊ីតាល បាន១៧៦លើកខាងលើ ប្រកាសថានឹងចាកចេញពី Juventus នៅដំណាច់រដូវកាលនេះ៕
