ទន្ទឹមគ្នានឹងការសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់តាមទីសាធារណៈ លើកលែងតែកន្លែងបិទជិតឬមានម៉ាស៊ីនត្រជាក់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានទទូចស្នើសុំប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ឱ្យបានគ្រប់ៗគ្នា។ សម្ដេចសង្ឃឹមថា «បងប្អូនរបស់យើងនឹងបានរំដោះខ្លួនចេញពីការលំបាក ការចំណាយដោយយើងបានយកវ៉ាក់សាំងមកជំនួសឱ្យការពាក់ម៉ាស់។ ប៉ុន្តែដើម្បីធានានូវភាពរឹងមាំសម្រាប់ការបន្តនិរន្តរភាពនៃការមិនពាក់ម៉ាស់ ហើយមិនមានជំងឺឆ្លងបន្តទៀត ខ្ញុំព្រះករុណាសូមអំពាវនាវ ប្រជាពលរដ្ឋ សូមទទួលយកវ៉ាក់សាំងដូសទី៣»

សម្ដេចបានចាត់ទុកវ៉ាក់សាំងដូសទី៣ជាថាដូសអប្បមាដែលមានន័យថាជាដូសដែលប្រជាពលរដ្ឋត្រូវតែទទួលបានយ៉ាងតិចបំផុត៣ដូស។ ត្រង់ចំណុចនេះ សម្ដេចបានផ្ដល់ការពន្យល់បន្ថែមថា «ចំណុចនេះគឺជាចំណុចនៃការទាមទារអំពីបញ្ហាសុខុមាលភាពផ្ទាល់ខ្លួនរបស់បងប្អូន និងការពារអាយុជីវីតក្រុមគ្រួសារបងប្អូន និងខ្លួនយើងម្នាក់ៗ»។

ទោះបីសម្ដេចបានប្រើពាក្យកាតព្វកិច្ចនៃការចាក់វ៉ាក់សាំងដូសទី៣ក៏ពិតមែន ប៉ុន្តែនៅថ្ងៃនេះ សម្ដេចបញ្ជាក់ថាមិនមែនមានន័យថាអ្នកមិនបានចាក់វ៉ាក់សាំងដូសទី៣ នឹងត្រូវប្រឈមមុខផ្លូវច្បាប់នោះឡើយ។ បើតាមសម្ដេច«មិនមានច្បាប់មួយណាតម្រូវ​ឱ្យមានការផាកពិន័យ​ និងវិធានការរដ្ឋបាលនោះទេ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំនៅតែទទូចឱ្យបងប្អូនជនរួមជាតិយើងទៅបន្តទទួលយកដូសទី៣ដែលជាដូសតិចបំផុតត្រូវតែមានសម្រាប់អ្នកដែលបានចាក់ដូសទី២រួចរាល់ ហើយប្រសិនបើបងប្អូនពេញចិត្តក៏អាចមកទទួលដូសទី៤បានដែរ»៕

Share.