ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចោទប្រកាន់លោកខាងលិចថា បានព្យាយាមបំផ្លាញប្រទេសរុស្ស៊ីដោយទាមទារឲ្យព្រះរាជអាជ្ញាប្រកាន់យកនូវខ្សែបន្ទាត់ដ៏តឹងរឹងជាមួយនឹងអ្វីដែលលោកបានចោទប្រកាន់ថាជា ផែនការដែលបង្កឡើងដោយអ្នកស៊ើបការណ៍បរទេស ដើម្បីបំបែកប្រទេស និង បង្ខូចកេរ្តិ៍ឈ្មោះកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

ថ្លែងទៅកាន់រដ្ឋអាជ្ញាកំពូលរបស់រុស្ស៊ី លោក ពូទីន បានចោទប្រកាន់លោកខាងលិចថាបានញុះញង់អ៊ុយក្រែនឲ្យរៀបចំផែនការវាយប្រហារលើអ្នកកាសែតរុស្ស៊ី ដែលជាការចោទប្រកាន់មួយដែលត្រូវបានបដិសេធដោយទីក្រុង កៀវ។

លោក ពូទីន បាននិយាយថា អ្នកស្នងតំណែងសំខាន់ពីសម័យកាលសូវៀត KGB គឺ សេវាសន្តិសុខសហព័ន្ធ (FSB) បានរារាំងការប៉ុនប៉ងឃាតកម្មដោយ «ក្រុមភេរវករ» លើអ្នកកាសែតទូរទស្សន៍រុស្ស៊ី លោក វ្លាឌីមៀ សូលូវីយ៉ីវ (Vladimir Solovyev)។

លោក ពូទីន និយាយអំពីលោកខាងលិចថា «ពួកគេជាភេរវករ ដោយត្រៀមធ្វើឃាតលើអ្នកកាសែតរបស់យើង»។

លោក ពូទីន ដែលជាអតីតចារកម្ម KGB ម្នាក់ដែលបានគ្រប់គ្រងប្រទេសរុស្ស៊ីជាមេដឹកនាំដ៏សំខាន់តាំងពីឆ្នាំ ១៩៩៩ មិនបានផ្ដល់ភស្ដុតាងភ្លាមៗដើម្បីគាំទ្រការអះអាងរបស់លោកទេ ហើយសារព័ត៌មាន Reuters ក៏មិនអាចទាក់ទងដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ភ្លាមៗនោះទេ។​

ប្រធាន FSB លោក Alexander Bortnikov បាននិយាយថា ជនជាតិរុស្ស៊ីជាអ្នកជាតិនិយមចំនួន ៦នាក់ បានគ្រោងនឹងសម្លាប់លោក សូលូវីយ៉ីវ (Solovyev) ដែលជាអ្នកកាសែតទូរទស្សន៍ និង វិទ្យុល្បីបំផុតម្នាក់របស់រុស្ស៊ី តាមបញ្ជារបស់សេវាសន្តិសុខរដ្ឋអ៊ុយក្រែន (SBU)។

យ៉ាងណាម៉ិញ សេវាសន្តិសុខរដ្ឋអ៊ុយក្រែន (SBU) បានបដិសេធការចោទប្រកាន់នេះ ដែលវាជាការរវើរវាយដែលបង្កើត និង ប្រឌិតឡើងដោយទីក្រុងម៉ូស្គូ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ សេវាសន្តិសុខរដ្ឋអ៊ុយក្រែន (SBU) បានបញ្ជាក់ថា SBU មិនមានគម្រោងធ្វើឃាតលោក សូលូវីយ៉ីវ (Solovyev) ទេ។

ជុំវិញការរៀបគំរោងបង្ខូចកេរ្តិ៍ឈ្មោះរុស្ស៊ីនេះ លោក ពូទីន បានលើកឡើងថា ប្រទេសលោកខាងលិចបានដឹងថា អ៊ុយក្រែនមិនអាចយកឈ្នះរុស្ស៊ីក្នុងសង្រ្គាមនោះទេ ដូច្នេះហើយបានជាពួកគេរៀបចំផែនការផ្សេងៗឡើងដើម្បីបំផ្លាញរុស្ស៊ី។ លោកថា ស្ថាប័នព័ត៌មានបរទេស និង បណ្ដាញទំនាក់ទំនងសង្គមត្រូវបានប្រើប្រាស់ដោយុចារកម្មរបស់ប្រទេសលោកខាងលិចដើម្បីបញ្ឆោត បង្កហេតុ ប្រឆាំង នឹងកងម្លាំងរុស្ស៊ី។

ទាក់ទិននឹងការណីនេះ លោក ពូទីន បាននិយាយថា រដ្ឋអាជ្ញាគួរមានប្រតិកម្មយ៉ាងឆាប់រហ័សចំពោះព័ត៌មានក្លែងក្លាយ និង របាយការណ៍ដែលបំផ្លាញសណ្ដាប់ធ្នាប់ ប៉ុន្ដែលោកមិនបានផ្ដល់ឧទាហរណ៍ជាក់លាក់ណាមួយដល់ព្រះរាជអាជ្ញាឡើយ៕

ប្រភព៖ CNA

Telegram-Troryorng
Share.