ខេត្តកណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តការ៉េដឹកត្រីមួយគ្រឿងក្រឡាប់ផ្ងារជើងនៅតាមបណ្តោយផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល វេលាម៉ោង៤:៣០នាទីល្ងាចថ្ងៃទី ២៥ មេសា ២០២២។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញរថយន្តការ៉េមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-9278 បើកបរទិសដៅពីត្បូងមកជើងឆ្ពោះឡើងមកស្តុបព្រែកសំរោងក្នុងល្បឿនមធ្យម។ លុះមកដល់ត្រង់ផ្លូវបំបែកជាបី ក៏វ៉ាក់អើជាមួយនិងរថយន្តដឹកដី បើកឆ្លងកាត់ផ្លូវបានគេចរេចង្កូតក្រឡាប់ផ្ងារជើងរួចជ្រុលទៅបុកបាក់បង្គោលរភ្លើងខ្សែកាបអស់ចំនួនមួយដើម។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានបណ្តាលឲ្យបុរសចំនួន ២នាក់បាត់បង់ជីវិតនិង រងរបួសចំនួន២នាក់ត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ ។ ភ្លាមៗនោះគេឃើញមានវត្តមានរបស់មន្ត្រីជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅចុះមកដល់ទីតាំងដើម្បីជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវបញ្ចៀសការកកស្ទះ ផងដែរ។

បន្ទាប់មកសម្ថតកិច្ចបានរាយការណ៍ទៅខាងមន្ត្រីជំនាញផ្នែកអគ្គិសនីដើម្បីចុះមកត្រួតពិនិត្យបច្ចេកទេសខ្សែភ្លើងនិងហៅឡានស្ទូចរថយន្តចេញនិងបានឲ្យខាងម្ចាស់ក្រុមហ៊ុនឡានដឹកត្រីជួសជុលបង្គោលភ្លើងថ្មីឡើងវិញ ។ ចំណែកឯសាកសពជនរងគ្រោះទាំង២នាក់ មន្រ្តីជំនាញបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖នេន មិនា

Share.