ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Twitter បានយល់ព្រមលើសំណើរនៃកិច្ចព្រមព្រៀងទិញយកបណ្ដាញសង្គមមួយនេះ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមរិក ពីកំពូលមហាសេដ្ឋី Elon Musk ដោយកិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យក្រុមហ៊ុន Twitter ក្លាយជាបណ្ដាញសង្គមឯកជន និង ឯករាជ្យ។

លោក Elon Musk បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ដែលរួមបញ្ចូលនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ប្រកាសអំពីកិច្ចព្រមព្រៀងជាមួយទឹកប្រាក់ ៤៤ពាន់លានដុល្លារថា «ការនិយាយដោយសេរីគឺជា មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដែលមានមុខងារ ហើយ Twitter គឺជាទីក្រុងឌីជីថល ដែលបញ្ហាសំខាន់សម្រាប់អនាគតរបស់មនុស្សជាតិត្រូវបានពិភាក្សា។ ខ្ញុំក៏ចង់ធ្វើឲ្យ Twitter កាន់តែប្រសើរជាងមុន ដោយការពង្រឹងផលិតផលជាមួយនឹងមុខងារថ្មីៗ និងធ្វើឲ្យវាក្លាយជាបណ្ដាញសង្គមមួយដែលឯករាជ្យ មានការបញ្ចេញមតិបែបសេរី និង មិនមានការរឹតបន្តឹងលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដែលសកម្មភាពនេះត្រូវបានលោកតែងតែរិះគន់ជារឿយៗ នៅលើគណនី Twitter របស់លោក»។

មហាសេដ្ឋីរូបនេះបានសន្យាថា នឹងកម្ចាត់ការផ្ញើសារបែបអនាមិក ឬ សាររំខាន «Spam bots» នៅលើបណ្ដាញសង្គម Twitter ផងដែរ។

បើតាមការបញ្ជាក់ពីប្រភពខាងលើ លោក Elon Musk បានចរចាទិញ Twitter ក្នុងតម្លៃ ៥៤,២០ដុល្លារ ក្នុង១ហ៊ុន ដែលមានតម្លៃសរុបប្រមាណជា ៤៤ពាន់លានដុល្លារអាមេរិក។ ប្រភពខាងលើបន្ដថា នេះជាការទិញដោយផ្ទាល់ពីសំណាក់រូបលោក ពោលគឺវាមិនពាក់ព័ន្ធនឹងក្រុមហ៊ុន Tesla ឡើយ ប៉ុន្ដែព័ត៌មានមួយនេះក៏បានធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងភ្លាមៗផងដែរ។

ទន្ទឹមនោះភាគហ៊ុន Twitter បានកើនឡើងជិត ៦% បន្ទាប់ពីការប្រកាសនៃកិច្ចព្រមព្រៀងនេះ ដែលមានតម្លៃប្រហែល ៥១,៨៤ដុល្លារ ក្នុង១ហ៊ុន។ កិច្ចព្រមព្រៀងនេះកំពុងរង់ចាំការយល់ព្រមពីម្ចាស់ភាគហ៊ុន និង និយតករ។

នាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Parag Agrawal បានប្រាប់និយោជិតកាលពីថ្ងៃច័ន្ទ ទី ២៥ ខែ មេសា ថា ក្រោយការពិភាក្សាលើកិច្ចព្រមព្រៀងកាលពីសប្ដាហ៍មុនហាក់ដូចជាមិនប្រាកដប្រជា ប៉ុន្ដែបានបង្កើនល្បឿនកាលពីចុងសប្ដាហ៍នេះទៅវិញ បន្ទាប់ពីលោក Elon Musk បានទាក់ទាញម្ចាស់ភាគហ៊ុន Twitter ជាមួយនឹងព័ត៌មានលម្អិតហិរញ្ញប្បទាននៃការផ្ដល់ជូនរបស់មហាសេដ្ឋីរូបនេះ។ លោក Agrawal និយាយថា «ខ្ញុំដឹងថានេះ គឺជាការផ្លាស់ប្ដូរដ៏សំខាន់មួយ ហើយអ្នកទំនងជាកំពុងដំណើរការនូវអ្វីដែលមានន័យសម្រាប់អ្នក ​និង សម្រាប់អនាគតរបស់ Twitter៕

ប្រភព៖ CNBC

Telegram-Troryorng
Share.