បន្ទាប់ពីមានការភ្ញាក់ផ្អើលដោយសារតែបុរស Live លក់ផ្លែឈើម្នាក់មានមុខមាត់ស្រដៀងនឹងអតីតតារាចម្រៀងក្រុម EV Band គឺលោក សែម សង្វាត ហើយដែលក្រោយមកត្រូវបានបញ្ជាក់ថាគឺពិតជាអតីតតារាចម្រៀងល្បីកាលពីជាង២០ឆ្នាំមុនមែន។ ដោយមើលឃើញនិងសរសើរលោក សែម សង្វាត ខិតខំរកស៊ី យកលុយដែលគេជួយ ទៅបង្កើតមុខរបរ មិនផ្ដេកផ្ដួលលើជំនួយ ឧកញ៉ា ទ្រី ឌីណាបានសម្រេចចិត្តឧបត្ថម្ភប្រាក់ដើមទុនជូនលោក សែម សង្វាត ដើម្បីពង្រីកមុខរបរ។

កន្លងមកលោក សែម សង្វាតតែងតែលេចឮដំណឹងឈឺជាបន្តបន្ទាប់ដែលមិនអាចឱ្យលោកបន្តអាជីពជាតារាចម្រៀងដូចជាមិត្តរួមក្រុមបាន ហើយដំណឹងរបស់លោកក៏បាត់ស្ងាត់ចេញពីសិល្បៈមួយរយៈធំ រហូតទាល់តែថ្មីៗនេះ មានអ្នកចាប់អារម្មណ៍ ថាបុរសអ្នកលក់ផ្លែឈើអនឡាញមានមុខមាត់ដូចជាតារាចម្រៀង សែម សង្វាត តារាចម្រៀងបទ «យើងជាយុវវ័យ» ដែលក្រោយមកទើបគេដឹងថាពិតជាលោកពិតប្រាកដមែន។

មុននេះឧបត្ថម្ភទឹកប្រាក់ដើមទុនដល់លោក សែម សង្វាត ឧកញ៉ា ទ្រី ឌីណា ធ្លាប់បង្ហោះសរសើរលោកសែមសង្វាតនិងចង់ឧបត្ថម្ភជាដើមទុនដល់លោក រហូតមកដល់រាត្រីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ Facebook Page របស់ឧកញ៉ា ទ្រី ដាណា ដែលមានឈ្មោះថា «ទ្រី ដាណា Dana Try » បានបង្ហោះថាបានជូនដើមទុនដល់លោក សែម សង្វាតចំនួន ២០០០ដុល្លារ។

«ចិញ្ចឹមកូន៣នាក់និងម្ដាយជរាកុំឆ្ងល់ថាហេតុអ្វីគាត់ខំប្រឹងទាំងឈឺឃើញគាត់ឡាយលក់ផ្លែឈើ មើលទៅស្គាល់ថាលោក សែម សង្វាត សមាជិក EV Band កាលជំនាន់នោះ ខ្ញុំក៏ស្ដាប់បទពួកគាត់ដែរ។ ស្ងាត់ជិត ២០ឆ្នាំ គាត់រកស៊ីខាតនៅប៉ោយប៉ែត ជំពាក់គេសងមិនរូច ការកើតកូនកើតចៅរកបានត្រឹមសងគេ។ ជំងឺធ្វើទុក្ខ មើលលែងចង់ស្គាល់។ ឥឡូវមកជួលផ្ទះគេ ចាប់ផ្ដើមរកស៊ីលក់ផ្លែឈើ។ ឱ្យគេទៅសួរនាំគាត់ ដឹងរឿងច្បាស់ហើយ រឹតតែអាណិត។ ជួយគាត់ 2000$ ធ្វើដើមទុន ពង្រីកមុខរបរ សង្ឃឹមថាគាត់រីកចម្រើន ឆាប់ជាសះស្បើយ វាសនាមនុស្សមិនដូចគ្នាទេ តែមានម្យ៉ាងត្រូវចាំទុក គឺកុំបោះបង់ការតស៊ូ »។
