ក្រុមហ៊ុនថាមពលយក្ស Gazprom របស់រុស្ស៊ីបានប្រាប់ប្រទេសប៉ូឡូញ និង ប៊ុលហ្គារី ថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នចាប់ពីថ្ងៃពុធ ទី ២៧ ខែ មេសា នេះ ដោយកាន់តែធ្វើឲ្យជម្លោះរបស់រុស្ស៊ីជាមួយប្រទេសលោកខាងលិចកាន់តែឡើងកម្ដៅជុំវិញការប្រឆាំងនឹងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។

កាលពីខែមីនា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសផលិតឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ពិភពលោកនេះ នឹងតម្រូងឲ្យប្រទេស «អមិត្ត» បង់ថ្លៃប្រេងឥន្ទនៈជាប្រាក់រូប្លែ (រូបិយប័ណ្ណរុស្ស៊ី) ជាជាងបង់តម្លៃទិញជាប្រាក់អឺរ៉ូ ឬ ដុល្លារ ដោយបានឲ្យបណ្ដាប្រទេសអមិត្តទាំងនោះបង្កើតគណនីនៅធនាគារ Gazprombank ដើម្បីទូទាត់។

ប៉ូឡូញ និង ប៊ុលហ្គារី នឹងក្លាយជាប្រទេសដំបូងគេដែលត្រូវកាត់ផ្ដាច់ឧស្ម័នដោយរុស្ស៊ី ចាប់តាំងពីទីក្រុងម៉ូស្គូបានចាប់ផ្ដើមនូវអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស» នៅក្នុងប្រទេសអ៊ុយក្រែនកាលពី ២ខែមុន។ ការសម្រេចបញ្ឈប់ការផ្គត់ផ្គង់នេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Warsaw បានសម្រេចដាក់ទណ្ឌកម្មបន្ថែមលើក្រុមហ៊ុន និង ជនជាតិរុស្ស៊ី ជាពិសេសប្រទេសជាច្រើនបាននិយាយថា ពួកគេនឹងមិនធ្វើតាមការទាមទាររបស់ទីក្រុងម៉ូស្គូឡើយ។

សូមជម្រាបថា ក្រុមហ៊ុនឧស្ម័នរបស់ប៉ូឡូញ PGNiG ដែលបានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ីកាលពីកន្លងមក នឹងផុតកំណត់នៅចុងឆ្នាំនេះ ដោយក្រុមហ៊ុននេះបានប្រកាសថា ខ្លួននឹងមិនធ្វើតាមគម្រោងនៃការទូទាត់ថ្មីដែលតម្រូវឲ្យបង់ជារូបិយប័ណ្ណរបស់រុស្ស៊ីទេ លើសពីនេះក្រុមហ៊ុនក៏នឹងមិនបន្ដកិច្ចសន្យាថ្មីជាមួយរុស្ស៊ីទៀតដែរ៕

ប្រភព៖ ABC

Telegram-Troryorng
Share.