ក្រោយ​ផ្លាស់​ទៅ​​ប្រកប​អាជីព​នៅ​​លីគ​កំពូល​​ប្រទេស​ចិន ​ពី​ឆ្នាំ​២០១៦ មក នៅ​ពេល​នេះ​ខ្សែ​ប្រយុទ្ធ Alan Kardec ជនជាតិ​ប្រេស៊ីល បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ចិន​ថា រូប​គេ​កំពុង​តែ​រៀបចំ​ឯកសារ​​ដើម្បី​ទទួល​បាន​សញ្ជាតិ​​ប្រទេស​ដែល​មាន​​ប្រជាជន​ច្រើន​ជាង​គេ​នៅ​លើ​លោក ផង​ដែរ។

កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ​​មិន​បាន​បញ្ជាក់​ពី​ដំណើរការ​នៃ​ការ​ធ្វើ​ឯកសារ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​សិន​ជា​ឯកសារ​នៃ​ការ​ស្នើសុំ​សញ្ជាតិ​បាន​ដោយ​រលូន នោះ​រូប​គេ​នឹង​ជា​កីឡាករ​បរទេស​ទី​១៣​ដែល​ទទួល​បាន​សញ្ជាតិ​ចិន កំពុង​ប្រកប​អាជីព​នៅ​លីគ​កំពូល​ប្រទេស​នេះ។

កីឡាករAlan Kardec ជា​យុវជន​ថ្នាល​នៅ​ក្លិប​ Vasco da Gama ក្នុង​ប្រទេស​ប្រេស៊ីល ហើយ​​ធ្លាប់​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ក្រោម​អាយុ​២០​ឆ្នាំ នៅ​ចន្លោះ​ឆ្នាំ​២០០៩ ព្រម​ទាំង​ឈ្នះ​ពាន South American Youth Football Championship ផង​ដែរ តែ​ចាប់​ពី​ឆ្នាំ​​២០១៦ មក​រូប​គេ​បាន​ចូលរួម​ក្នុង​ក្រុមChongqing Lifan ក្រោយ​ផ្ទេរ​ពី​ក្រុម São Paulo។ រហូត​ដល់​ឆ្នាំ​២០២១ នេះ​រូប​គេ​បាន​ចេញ​ទៅ​ចូលរួម​ Shenzhen ម្ដង។

អត្ថបទពាក់ព័ន្ធ៖មាន​ប្រជាជន​ជាង​១ប៊ីលាន​នាក់ តែ​ចិន​កោះហៅ​កីឡាករ​ចូល​សញ្ជាតិ​ថែម​​៥​នាក់​ត្រៀម​ World Cup

កីឡាករ​ដែល​ធ្លាប់​ទទួល​បាន​សញ្ជាតិ​ចិន ហើយ​ខ្លះ​បាន​ប្តូរ​ឈ្មោះ​ថ្មី​ទៀត​ផង​ដូចជា Nico Yennaris, John Hou Sæter នៅ​ក្លិប Beijing Guoan កីឡាករAlan Carvalho, Aloísio, Elkeson, Fernando Henrique, Ricardo Goulart, Tyias Browning នៅ​ក្លិប​Guangzhou កីឡាករ Chico Chen នៅ​ក្លិប Hebei កីឡាករ Pedro Delgado នៅ​ក្លិប​Shandong Taishan កីឡាករAlexander N’Doumbou និង​កីឡាករ Denny Wang នៅ​ក្លិប Shanghai Shenhua៕

Telegram-Troryorng
Share.