សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២នៅរសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០២២។

ក្នុងពិធីនោះសម្តេចប្រមុខរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ចំនួន០៦ចំនុចដូចខាងក្រោម៖

១- បន្តពង្រឹងប្រព័ន្ធអប់រំឲ្យមានភាពធន់បុរេសកម្ម ឆ្លើយតបទៅ នឹងបរិការណ៏ជាតិអន្តរជាតិ ដែលកំពុងមានការប្រែប្រួល។ បន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្នព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយការខាតបង់ការរៀនសូត្ររបស់សិស្សនិស្សិត និងយុវជនដែលរងផលប៉ះពាល់ដោយកូវីដ-១៩។

២- ណែនាំឱ្យកសាងប្រព័ន្ធ និងអភិវឌ្ឍសមត្ថភាពប្រព័ន្ធអប់រំ តាមរយៈធានាភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមមានការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែនការអប់រំ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់បុគ្គលិកអប់រំ និងគ្រូបង្រៀន។

៣- បន្តអភិវឌ្ឍការអប់រំឌីជីថលសម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងបរិការណ៍បរិវត្តកម្មសង្គម និងសេដ្ឋកិច្ចឌីជីថល តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់កម្រិតកម្មវិធីសិក្សា បំពាក់បន្ទប់ពិសោធន៍ឌីជីថលនៅតាមគ្រឹះស្ថានសិក្សា លើកកម្ពស់សមត្ថភាពគ្រូបង្រៀនផ្នែកឌីជីថល ផលិត វីដេអូបង្រៀន និងមាតិកាឌីជីថលលើមុខវិជ្ជាគោលសម្រាប់ថ្នាក់ប្រឡង ព្រមទាំងផ្សព្វផ្សាយការងារទាំងនេះឱ្យកាន់តែទូលំទូលាយ។

៤- បន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរឹទ្ធ និង យុវជន ដោយប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម តាមរយៈការបំផុសចលនា «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» កម្មវិធីយុវជនស្ម័គ្រចិត្តចុះជួយមូលដ្ឋាននៅតាមសហគមន៍ជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់យុវជន ដើម្បីឆ្លើយតបទាន់ពេលវេលាទៅនឹងឱកាសការងារនៅក្នុងសង្គម ។

៥- បន្តត្រៀមលក្ខណៈឱ្យបានពេញលេញ ដើម្បីធ្វើជាម្ចាស់ផ្ទះប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ ២០២៣ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍសមាគមកីឡាមហាជន សហព័ន្ធ-កីឡា បំប៉ន និងហ្វឹកហាក់កីឡាករជម្រើសជាតិ និងកីឡាករថ្នាលឱ្យបានដិតដល់ ជំរុញសកម្មភាពអប់រំកាយនិងកីឡានៅតាមគ្រឹះស្ថានសិក្សាឱ្យបានផុសផុល។

៦- បន្តលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា ដោយបន្តអនុវត្តអភិក្រម «៣កុំ និង ៣ការពារ» ហើយចូលរួមទប់ស្កាត់ការឆ្លងចូលគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាព ចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ។ បន្តយកចិត្តទុកដាក់គាំទ្រសុខភាពផ្លូវចិត្ត និងផ្លូវកាយសិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬ ប្រយោល ដោយសារជំងឺ កូវីដ-១៩។ ត្រង់ចំនុចនេះ សម្តេចតេជោបានមានបានប្រសាសន៍ថា បើទោះបីកាតព្វកិច្ចពាក់ម៉ាស ត្រូវបានលើកលែង តែសម្តេចនៅតែលើកទឹកចិត្តឱ្យមានការពាក់ម៉ាស៕

Share.