កម្ពុជាបានប្រារព្ធទិវា «ទិវាកម្មសិទ្ធិបញ្ញាពិភពលោក» កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ ដោយមានការរៀប​ចំពីក្រសួងពាណិជ្ជកម្ម និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងស្ថានប័ន អង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។

ការប្រារព្ធ «ទិវាកម្មសិទ្ធិបញ្ញាពិភពលោក» ក្រោមប្រធានបទ កម្មសិទ្ធិបញ្ញានិងយុវជន ការបង្កើតថ្មីសម្រាប់អនាគតកាន់តែល្អប្រសើរ គឺមានគោលបំណងដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងជំរុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ហើយចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥០។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ជាក់ស្ដែងច្បាប់សិទ្ធិអ្នកនិពន្ធគឺផ្នែកមួយនៃច្បាប់កម្មសិទ្ធិបញ្ញា ត្រូវបានបង្កើតឡើងក្នុងគោលបំណងនិងគោលដៅជួយជំរុញការបង្កើតឱ្យមានស្នាដៃថ្មីៗ និងការពារនូវផលិតផលវប្បធម៌ជាស្នាដៃអ្នកនិពន្ធ អ្នកសម្តែង ផលិតករ ហ្វូណូក្រាម និងអង្គភាពទូរផ្សាយសំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌ និងស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ឆ្នាំ២០១៤ និងចូលរួមចំណែកអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម។

លោកជំទាវបញ្ជាក់ថា ការប្រារព្ធទិវានេះ ជាកត្តាជួយជំរុញ លើកទឹកចិត្តដល់អ្នកនិពន្ធ ផលិតករ សិល្បករ ម្ចាស់សិទ្ធិ ឱ្យខិតខំបង្កើតស្នាដៃថ្មី និងដើម្បីទាក់ទាញវិនិយោគិនឱ្យចូលមកប្រកបរបរក្នុងស្រុក ដោយអនុលោមតាមបទដ្ឋានជាតិនិងអន្តរជាតិជាពិសេសអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលកម្ពុជាបានចូលជាភាគី។

នៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ នេះ ក៏មានការរៀបចំព្រឹត្តិការណ៍អមចំនួនបីផងដែរ ព្រឹត្តិការណ៍អមទាំងនោះរួមាមាន៖ (១)-សិក្ខាសាលាជាតិស្តីពីសិទ្ធិអ្នកនិពន្ធ និងសក្តានុពលនៃយុវជនប្រកបដោយភាពច្នៃប្រឌិត (២)-សិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពីការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរឡើង និង(៣)-ការតំាងបង្ហាញផលិតផលបច្ចេកវិទ្យារបស់កម្ពុជា និងផលិតផលកម្មសិទ្ធិបញ្ញាដទៃទៀត និងពិធីប្រគល់ប័ណ្ណសរសើរនិងពានកិត្តិយសជូនអ្នកមានស្នាដៃផ្នែកចម្លាក់ប្រាក់ស្ពាន់ និងប្រគល់វិញ្ញាបនបត្រចុះបញ្ជីការពារស្នាដៃបទចម្រៀង “បញ្ញាអង្គរ” ជូនលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិ៕

សូមទស្សនាបទ “បញ្ញាអង្គរ” ៖

Telegram-Troryorng
Share.