រមណីយដ្ឋានបែបធម្មជាតិ ជាទាក់ទាញភ្ញៀវទេសចរបំផុត ដែលមានទឹកធ្លាក់ផង ព្រៃឈើតូចធំ និងថ្មដុះតូចធំ ហើយសម្បូរសត្វព្រៃ ជាកន្លែងដ៏អស្ចារ្យមួយ សម្រាប់សម្រាកលំហែរកាយ នៅពេលចុងសប្ដាហ៍។ រមណីយដ្ឋាននេះ គឺជា ទឹកជ្រោះ អន្លង់ធំ ស្ថិតនៅក្នុងសហគមន៍ព្រែកត្នោត ក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

ប្រិយមិត្តដែលមានចំណាប់អារម្មណ៍ចង់ទៅកម្សាន្តសម្រាកលំហែរកាយនៅទីនេះ គឺរមណីយដ្ឋានខាងលើនេះ មានចម្ងាយប្រមាណជា ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើរតាមផ្លូវទៅកាន់វាលរេញ មកដល់ត្រឹមគីឡូម៉ែត្រលេខ ១៧៧-១៧៨ នៅខាងស្ដាំដៃនឹងឃើញឈ្មោះវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ហើយបន្ដដំណើរតាមផ្លូវសាលានេះ ក្នុងចម្ងាយប្រមាណជាជាង១គីឡូម៉ែត្រ នឹងឃើញស្លាកឈ្មោះរបស់រមណីយដ្ឋានទឹកធ្លាក់អន្លង់ធំហ្នឹងហើយ។

សហគមន៍អេកូទេសចរណ៍ព្រែកត្នោត បង្កើតឡើងក្នុងគោលបំណង ដូចជា ដើម្បីការពារធនធានធម្មជាតិនិងសត្វព្រៃ ថែរក្សា ការពារវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីនៅក្នុងសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យបានប្រសើរឡើងជាងមុន ផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង គ្នាទៅវិញទៅមកជាមួយទេសចរ និងប្រជាជន ធ្វើការអភិវឌ្ឍសហគមន៍ឱ្យមានភាពរីកចម្រើននាពេលអនាគត រួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងតំបន់ បណ្តុះបណ្តាលអប់រំដល់ប្រជាជន បង្កើនការយកចិត្តទុកដាក់លើសន្តិសុខ សុវត្តិភាព ក្នុងតំបន់ បានធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ពីសក្តានុពលទេសចរណ៍នៅក្នុងសហគមន៍ ។

រមណីយដ្ឋានធម្មជាតិអន្លង់ធំ មានផ្ទៃដីប្រមាណជា ជិត២០០ហិកតា ត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ ២០០៣។ នៅទីនេះ មានការលក់ដូរបែបលក្ខណៈគ្រួសារ តម្លៃសមរម្យ ហើយជាពិសេសមានសេវាផ្ដល់ដល់ផ្ទះ សម្រាប់ជូនភ្ញៀវស្នាក់នៅ ដោយផ្ទះទាំងនោះជ្រើសរើសយកផ្ទះប្រជាពលរដ្ឋសហគមន៍ទាំងបួនភូមិទូទាំងឃុំ តែម្តង។
ប្រិយមិត្តនៅពេលចប់កូវីដ១៩ ចង់ទៅកម្សាន្តរមណីយដ្ឋានបែបធម្មជាតិនៅខេត្តកំពតនេះ កុំភ្លេចឈាងចូលងូតទឹកលេង ហូបអាហារឆ្ងាញ់ៗបែបគ្រួសារ នៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ធំ ស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត៕






