ទោះបីមិនបានសម្លាប់មនុស្សដោយផ្ទាល់ ឬពុំមានចេតនាសម្លាប់មនុស្សយ៉ាងណាក៏ដោយ អ្នកផលិតស្រា និងអ្នកទិញស្រាយកលក់បន្ត ត្រូវប្រឈមនឹងបទល្មើសព្រហ្មទណ្ឌដែរ។ កំហុសអ្នកទាំង១៣នាក់ដែលបណ្ដាលឱ្យមានអ្នកភូមិពល់ស្រាស្លាប់បន្តបន្ទាប់ចំនួន១៣នាក់នោះ ត្រូវនគរបាលយុត្តិធម៌កសាងសំណុំរឿងក្នុងអំពើមិនសុចរិតទាក់ទងនឹងទំនិញ។

អ្វីទៅអំពើមិនសុចរិតទាក់ទងនឹងទំនិញ? ក្នុងមាត្រា១០ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ចែងថា បុគ្គលទាំងឡាញណាដែលធ្វើធុរកិច្ច មិនត្រូវពាក់ព័ន្ធនឹងអំពើមិនសុចរិតដែលមានលក្ខណៈជាការបំភាន់ ឬបោកបញ្ឆោតដល់សាធារណជន ទាក់ទងនឹងប្រភេទ ដំណើរការផលិត ចរិតលក្ខណៈ ភាពសមតាមបំណង បរិមាណ រង្វាស់រង្វាល់ ក្រិតខ្នាត ស្ដង់ដា ឬគុណភាពនៃទំនិញឡើយ។

ប្រសិនបើមានពិរុទ្ធ តើអ្នកប្រព្រឹត្តអាចប្រឈមនឹងទោសទណ្ឌបែបណា? និយាយតែក្នុងករណីនេះ ផលនៃអំពើបានបណ្ដាលឱ្យមានមនុស្សស្លាប់ ហើយស្លាប់ជាបន្តបន្ទាប់រហូតដល់១៣នាក់។ យោងតាមច្បាប់ដដែលនេះ កាលណាបណ្ដាលឱ្យមានមនុស្សស្លាប់ វាគឺជាស្ថានទម្ងន់ទោស ដែលត្រូវអនុវត្តតាមមាត្រា៤៣។ ក្នុងមាត្រា៤៣នេះតម្រូវឱ្យផ្ដន្ទាទោសអ្នកប្រព្រឹត្តដាក់ពន្ធនាគារ ពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។

ប៉ុន្តែទោះជាយ៉ាងក៏ដោយ ត្រយងញូវស៍ គ្រាន់តែយល់ឃើញផ្អែកតាមអង្គហេតុ និងការកសាងសំណុំរឿងរបស់នគរបាលយុត្តិធម៌ជំហានបឋមសិនតែប៉ុណ្ណោះ។ ដូច្នេះ រង់ចាំអយ្យការអមតុលាការខេត្តកណ្ដាល សម្រេចចោទប្រកាន់បទល្មើសផ្លូវការ និងចៅក្រមសម្រេចទោសជាស្ថាពរសិន៕

Share.