សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងធ្វើដំណើរទៅប្រទេសបារាំង ដើម្បីពិនិត្យតាមដានស្ថានភាពសុខភាពរយៈពេល១សប្តាហ៍ តាមការតម្រូវរបស់វេជ្ជបណ្ឌិត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ខុទ្ទកាល័យសម្ដេចក្រឡាហោម ចេញផ្សាយនៅថ្ងៃទី២ ខែឧសភានេះ។

បើតាមខុទ្ទកាល័យ សម្ដេចក្រឡាហោម នឹងអញ្ជើញទៅកាន់ប្រទេសបារាំងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះតែម្ដង ហើយដូចលើកមុនដែរ ដំណើរទៅពិនិត្យសុខភាពនៅប្រទេសបារាំងលើកនេះ ត្រូវបានខុទ្ទកាល័យបញ្ជាក់ថាសម្ដេច បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ខុទ្ទកាល័យក៏បានបញ្ជាក់ជូនសាធារណៈជនដែរថាដំណើរទៅពិនិត្យតាមដានសុខភាពនាពេលនេះរបស់សម្ដេចក្រឡាហោម គឺបន្ទាប់ពីសម្ដេច ធ្លាប់បានអញ្ជើញទៅពិនិត្យសុខភាព និងទទួលការព្យាបាលដោយជោគជ័យ កាលពីដើមខែកញ្ញា ឆ្នាំ២០២១កន្លងទៅ៕

Share.