យោងតាមគេហទំព័រ Variety ភាពយន្តបែបគំនូរជីវចលនិងរឿងជាស៊េរីពី ផលិតករ និង Creator ជនជាតិអាស៊ីកាត់អាមេរិកកាំងនឹងត្រៀមបញ្ចាំងនៅលើ Netflix នាឆ្នាំ២០២៣ ក្នុងនោះក៏មានរឿងរបស់ Steven Chow ហៅទិនហ្វី «សេ្ដចស្វា ស៊ុន អ៊ូខុង» មួយផងដែរ។
រឿង «The Monkey King» (ស្ដេចស្វា ស៊ុន អ៊ូខុង) នឹងសម្ដែងដោយ Jimmy O. Yang តារាកំប្លែង និងអ្នកនិពន្ធជនជាតិ ហុងកុង អាមេរិកកាំង, Bowen Yang, Jolie Hoang-Rappaport, Jo Koy , Ron Yuan, Hoon Lee, Stephanie Hsu, Andrew Pang, Andrew Kishino, Jodi Long , James Sie និង BD Wong ជាដើម។

«The Monkey King» ផលិតចេញពីរឿងនិទានដ៏ល្បីល្បាញមួយរបស់ប្រទេសចិន «ដំណើរឆ្ពោះទៅទិសខាងលិច» ដែលសត្វស្វាពិសេសមួយ ប្រយុទ្ធជាមួយទេវតា បិសាច នាគនិងភាពក្រអឺតក្រទមរបស់ខ្លួនឯង។ ភាពយន្តនេះផលិតដោយ Steven Chow សហការជាមួយផលិករ Peilin Chou ម្ចាស់ស្នាដៃគំនូរជីវចល «Over The Moon» និង ផលិតករ Kenda Haaland ម្ចាស់ស្នាដៃ «How To Train Your Dragon 2»។ ភាពយន្ត «The Monkey King» នឹងដឹកនាំដោយលោក Anthony Stacchi ដែលធ្លាប់មានឈ្មោះតាមរយៈការដឹកនាំ «The Boxtrolls»។
ទិនហ្វីបាននិយាយថា «រឿងស្ដេចស្វា ស៊ុន អ៊ូខុង» ស្ថិតនៅជាអមតៈជាច្រើនជំនាន់ព្រោះតែអត្តចរិតនិងចិត្តវិញ្ញាណដែលខុសប្លែកពីគេរបស់តួអង្គ ស៊ុន អ៊ូខុង។ ម្យ៉ាងទៀតខ្ញុំពិតជារំភើបណាស់ដែលបានរួមសហការជាមួយ Tony, Peilin និងអ្នកគ្រប់គ្នានៅ Netflix នាំយកនូវរឿងនិទានដ៏រីករាយមួយនេះឱ្យមនុស្សទូទាំងពិភពលោកបានទស្សនា»។
