ក្រោយពីបានសឹកលាចាកសិក្ខាបទរួច លោក ឌួង ឆាយ បានត្អូញត្អែរនឹកដល់កូនរបស់លោកព្រមទាំងសុំទោសដែលខ្លួនលោកអសមត្ថភាពមិនអាចមើលថែការពារគ្រួសារឱ្យបានល្អ ក្នុងឋានៈដែលធ្លាប់ស្និទ្ធស្នាលនឹងគ្រួសារមួយនេះអ្នកនាង KAKA KH Australia តារាហ្វេសប៊ុកបានផ្ដាំទៅកាន់អ្នកនាង ដេត ម៉ាលីណា ឱ្យធ្វើការពិចារណាជាថ្មីពាក់ព័ន្ធនឹងការរឹតត្បិតមិនឱ្យឪពុកនិងកូនបានជួបគ្នា។

អ្នកនាង KAKA Australia ដោយសារតែមិនអាចនៅស្ងៀមក្រោយបានឃើញសំណេររបស់លោកដួងឆាយដែលបានបង្ហោះកាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅ នៅយប់ទី២១ ខែឧសភាម្សិលមិញនេះអ្នកនាងបានចេញមកបង្ហាញការយល់ឃើញរបស់ខ្លួនតាមរយៈសំណេរបង្ហោះលើបង្ហាញសង្គមពាក់ព័ន្ធនឹងរឿងមិនបានជួបជុំគ្នារបស់ឪពុកកូនលោក ឌួង ឆាយថា៖
«កំហុសឆ្គងមួយហ្នឹងជាការឈឺចាប់ជាទីបំផុតសម្រាប់មនុស្សស្រីមែន ប៉ុន្តែមនុស្សស្រីយើងក៏ជាភេទដែលរឹងមាំស្រាប់ទៅហើយ ព្រោះអាចទ្រាំបានរាប់ឆ្នាំទ្រាំបានគ្រប់យ៉ាង ប៉ុន្តែក្នុងការដែលយើងផ្ដាច់មនោសញ្ចេតនារបស់ឪកូនគឺមិនបានឲ្យតម្លៃយើង ក្នុងនាមជាមនុស្សស្រីដែលជាម្ដាយគេនោះទេ ត្រូវចាំថាពាក្យសុំទោសគឺជាពាក្យមួយម៉ាត់ដែលពិបាកឲ្យមនុស្សប្រុសនិយាយជាទីបំផុត ដូច្នេះបើគេព្រមទទួលគ្រប់យ៉ាងហើយចូលគិតឱ្យបានច្បាស់លាស់ កុំអោយថ្ងៃក្រោយមានពាក្យសម្ដីនិយាយថាយើងធ្វើគ្រប់យ៉ាងដើម្បីឈ្នះគេ…(មានន័យថាដឹង ថាអ្នកទាំងពីរមិនអាចដើរទៅមុខជាមួយគ្នាដូចខ្ញុំហើយនិងប្ដីបានទេ ប៉ុន្តែឈាមមិនអាចកាត់ដាច់ពីគ្នាបានឡើយ)គ្រាន់តែជាមតិរបស់ខ្ញុំសម្រាប់រំលឹកក្នុងនាមជាអ្នករាប់អានគ្នាទេ តែការសម្រេចចិត្តចុងក្រោយគឺត្រូវតែជឿជាក់នឹងសម្រេចចិត្តខ្លួនឯងដដែល ព្រោះមានតែខ្លួនឯងទេទើបដឹងថាខ្លួនឯងចង់បានអ្វីគិតអ្វីត្រូវធ្វើអ្វី…បងឆ្លងកាត់រួចហើយទើបបងនិយាយដូច្នេះពេលដែលយកកូនត្រឡប់មកជួបវិញដំបូង ឃើញកូនវាអោប ទឹកមុខពោរពេញទៅដោយស្នាមញញឹម បានធ្វើឱ្យបងរំភើបជាទីបំផុត ព្រោះបងដឹងថា ការសម្រេចចិត្តមួយនេះគឺជាអ្វីដែលគេចង់បានជាទីបំផុត។ my love and respect to both of you, kids come first always.»
នៅខាងក្រោមសំណេររបស់អ្នកនាង Page ផ្លូវការរបស់លោក ឌួង ឆាយបានចូលមកថ្លែងអំណរគុណនូវការយល់ឃើញនិងការបញ្ចេញជាគំនិតយោបល់របស់អ្នកនាងផងដែរ។

អ្នកនាង KAKA KH Australia គឺជាបុគ្គលល្បីលើបណ្ដាញសង្គមដែលចូលចិត្តនិយាយត្រង់ៗឆៅៗ ប៉ុន្តែសម្ដីរបស់អ្នកនាងភាគច្រើនមិនប្រាសចាកពីការពិតនោះទេ ការដែលអ្នកនាងចេញមកបង្ហាញពីចំណាប់អារម្មណ៍អារម្មណ៍ក្នុងនាមជាអ្នកស្គាល់គ្នាដូច្នេះធ្វើឱ្យមានអ្នកលេងបណ្ដាញសង្គមបានចេញមកបញ្ចេញយោបល់ផ្សេងៗគ្នា ដោយក្នុងនោះមួយចំនួនធំបានសម្ដែងការអាណិតទៅដល់កូនតូចទាំង៣ដែលត្រូវព្រាត់ប្រាសឪពុកទាំងក្មេងដូច្នេះ។
មួយរយៈមុនអ្នកនាង KAKA KH Australia ក៏ធ្លាប់មានទំនាស់ជាមួយនឹងស្វាមីរហូតដល់ឈានដល់ការចុះចេញពីផ្ទះជាមួយនឹងកូនប្រុសតូចដែលមានឈ្មោះថាចម្រើនដែរ ប៉ុន្តែចុងក្រោយបន្ទាប់ពីចំណាយប្រាក់សន្សំអស់ អ្នកនាងបានត្រលប់មកផ្ទះវិញ ហើយមេរៀនជីវិតនោះបានធ្វើឱ្យអ្នកនាង លាន់មាត់ថាខឹងលើកក្រោយអ្នកនាងគ្មានថ្ងៃល្ងង់ខ្ជះខ្ជាយលុយដែលខំសន្សំទៀតទេ ជាពិសេសរឿងនេះក៏បានធ្វើឱ្យអ្នកនាងវែកមុខរកឃើញថាអ្នកណាជាមិត្តពិតនិងមិត្តក្លែងក្លាយរបស់អ្នកនាងដែរ៕
