ថៃ- ឌីជេ​មាន​ឈ្មោះ​ល្បី​មួយ​រូប​ត្រូវ​មហាជន​រិះគន់​ទក់សាច់​ ក្រោយ​លោក​អួតអាង​ក្នុង​កម្មវិធី​ថា​បាន​តេទៅ​សុំ​ឱ្យ​ចៅហ្វាយ​នាយ​ប្រើ​ខ្សែ​ជួយ​ទិញ​សំបុត្រ​ខនសឺត​ Justin Bieber Justic World Tour ក្នុង​ពេល​លោក​កំពុង​តែ​បំពេញ​ការងារ​ជា​ឌីជេ​វិទ្យុ​ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ចេញ​មក​សុំ​ទោស​ ហើយ​លើក​ឡើង​ថា​និយាយ​ដោយ​ខ្វះ​ការ​ពិចារណា​។

ករណី​ឌីជេល្បីរូបនេះកំពុងតែត្រូវមហាជនលើកយកមកនិយាយរិះគន់លើប្រព័ន្ធអនឡាញ ព្រោះតែវិធីកក់សំបុត្រខនសឺតដ៏ធំក្នុងរយៈពេល៩ឆ្នាំរបស់ Justin Bieber នៅប្រទេសថៃចាប់តាំងពីថ្ងៃបើកឲ្យកក់សំបុត្រ(២៩ មេសា) មក គឺមានទាំងអ្នកសមបំណងនិងអ្នកខកបំណង ហើយថែមទាំងការតម្លើងតម្លៃសំបុត្រក្រៅផ្លូវការ ដោយសំបុត្រខ្លះឡើងថ្លៃរហូតដល់ ១លានបាត ឬប្រមាណជិត៣ម៉ឺនដុល្លារ។

វីដេអូឃ្លីបខ្លីរបស់ ឌីជេ ចេម បាននិយាយពីការលក់សំបុត្រខនសឺតនៅលើរលកធាតុអាកាស ប៉ុន្តែមានចំណុចមួយដែលសាមីខ្លួនបាននិយាយឡើងមកថា «និយាយតាមត្រង់ ខ្ញុំបានតេទៅមេច្រើននាក់ ហើយមិយាយថា ចៅហ្វាយអាចមានខ្សែឲ្យខ្ញុំបានសំបុត្រអត់? ហើយមេក៏ឆ្លើយមកវិញថាកំពុងអង្គុយ Refresh កុំព្យួទ័រដូចគ្នា»

ការនិយាយបែបនេះនៅក្នុងកម្មវិធីវិទ្យុកំពុងផ្សាយផ្ទាល់ ធ្វើឲ្យអ្នកលេងអ៊ិនធឺណិតក្ដៅក្រហាយ និងមិនពេញចិត្ត នាំគ្នាសំរុកព្រួតគ្នារិះគន់ព្រោះយល់ឃើញថាករណីនេះ ទង្វើរបស់គេអន់ខ្លាំងណាស់ ម្ដេចក៏ហ៊ាននិយាយក្នុងកម្មវិធីទៅរួច? ចង់អួតថាមានខ្សែធំមែនអត់? តើជាតារានឹងយ៉ាងម៉េច? តារាមានសិទ្ធិមនុស្សធម្មតាក៏មានសិទ្ធិ ចង់ប្រើខ្សែហួសហេតុពេកដឹង? ២០២២ហើយយករឿងមានខ្សែមកនិយាយអួត មើលទៅកាន់តែគួរឲ្យស្អប់។ ដឹងហើយថាតារាគេមានកូតា តែក៏មិនចាំបាច់មកនិយាយអួតជាសាធារណៈបែបនេះដែរ ។ល។

Share.