មិនចង់អស់សេវារត់ការខាងក្រៅ ពេលចង់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត (ឈៀក) អាចធ្វើឡើងតាមអនឡាញ ដើម្បីឲ្យបានលឿន រហ័ស និងមិនខាតពេលវេលា។ តើការបំពេញបែបបទ ពិនិត្យលក្ខណៈបច្ចេកទេស ឈៀក រថយន្ត តាមអនឡាញធ្វើឡើងដូចម្ដេចទៅ ? ដើម្បីអាចដាក់ពាក្យត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះបានលោកអ្នកត្រូវចូលទៅកាន់គេហទំព័រក្រសួង https://techinspection.mpwt.gov.kh ដើម្បីបង្កើតគណនី រួចធ្វើការ Activate គណនីនៅក្នុង E-mail របស់លោកអ្នក ក្រោយមកលោកអ្នកអាចចូលទៅក្នុងប្រព័ន្ធដើម្បីដាក់ពាក្យស្នើសុំ ជ្រើសរើសកាលបរិច្ឆេទ និងទីតាំងបាន។

ផ្អែកតាមការណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងករណី យានជំនិះធ្លាប់ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសម្តងរួចហើយ លោកអ្នកត្រូវបង្កើតគណនីមួយ រួចបំពេញព័ត៌មានផ្ទាល់ខ្លួន ព្រមទាំងបញ្ចូលរូបភាពបណ្ណសំគាល់យានយន្ត និងវិញ្ញាបនបត្រចាស់។ បន្ទាប់ មកលោកអ្នកត្រូវជ្រើសរើសប្រភេទរថយន្ត ទីតាំងត្រួតពិនិត្យ និងកាលបរិច្ឆេទណាត់ជួប។ ក្រោយបំពេញ ព័ត៌មានគ្រប់ហើយ ចុងក្រោយ គឺបោះពុម្ពវិក្កយបត្រដើម្បីបង់ប្រាក់ ដែលលោកអ្នកអាចបង់ប្រាក់ជាមួយ បញ្ជរ វីង ឬស្មាត លុយ ឬលីហួរ ឬក៏តាមគណនីវីងផ្ទាល់ខ្លួនរបស់លោកអ្នក។

ហេតុអ្វីចាំបាច់ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ ? ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសគឺដើម្បី៖

  • កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ ដោយការដាស់តឿនឲ្យជួសជុលរថយន្ត និងណែនាំ ឲ្យចេះថែទាំយានយន្ត
  • រួមចំណែកថែទាំផ្លូវថ្នល់ដោយការកំណត់ទម្ងន់ផ្ទុក និង បច្ចេកទេសផ្ទុក
  • តាមដានពីចំនួនរថយន្តដែលកំពុងប្រើប្រាស់
  • ទប់ស្កាត់យានយន្តកែច្នៃខុសបច្ចេកទេស
  • ចូលរួមថែរក្សាបរិស្ថាន តាមរយៈការកម្រិតសារធាតុពុលក្នុងផ្សែងយានយន្ត។

តើការបង់សេវា សម្រាប់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ លក្ខណៈគ្រួសារ អស់ប៉ុន្មាន? តម្លៃសេវា នៃការស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តប្រភេទគ្រួសារ តម្លៃមានដូចជា៖

  • រថយន្តគ្រួសារថ្មីគ្រប់ប្រភេទ (2A) តម្លៃ ៣៦ ០០០៛
  • រថយន្តគ្រួសារផ្ទុកត្រឹម ៤នាក់ តម្លៃ ៤២ ០០០៛
  • រថយន្តគ្រួសារផ្ទុកពី ៥នាក់ ដល់ ៩នាក់ (មិនធ្វើអាជីវកម្ម) តម្លៃ ៤៨ ០០០៛។

Share.