ឯកឧត្តម ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសង កើតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៥០ នៅភូមិពាមក ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងនោះ ស្រី៣នាក់។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ លាង តួចឆេង នៅឆ្នាំ១៩៧១ និងមានបុត្រាបុត្រីចំនួន៦នាក់ ក្នុងនោះស្រី៣នាក់។ 

ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ១៩៧០ លោកបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋម សិក្សាពាមកោះស្នា និងបន្តនៅអនុវិទ្យាល័យស្ទឹងត្រង់។ ជាបន្តបន្ទាប់ លោកបានខិតខំបន្តការសិក្សារៀន សូត្ររហូតដល់ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ច និងរដ្ឋបាល នៅឆ្នាំ១៩៩៧។ មិនតែប៉ុណ្ណេះ លោកក៏បានទទួលនូវសញ្ញាបត្របណ្ឌិតកិត្តិយសពីស្ថាប័នសាកលវិទ្យាល័យជាតិ និងអន្តរជាតិមួយចំនួន ផងដែរ។ 

ក្នុងចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ ១៩៧៥ លោកស្ថិតនៅក្នុងតំបន់រំដោះនាស្រុកកំណើត និងក្រោយ ពេលប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត លោកបានចូលបម្រើក្នុងកងទ័ពនៃរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ។ ចាប់ពីពេលនោះរហូតមក ដោយសារលោកមានបញ្ញាឈ្លាសវៃ និងមាន សមត្ថភាព លោកក៏ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន ៖ ជាប្រធានមន្ទីរខេត្តកំពង់ចាមនៅ ឆ្នាំ១៩៧៩ ជាប្រធានមន្ទីរផែនការខេត្តកំពង់ចាមនៅឆ្នាំ១៩៨១ ជាអភិបាលស្រុកក្រូចឆ្មារនៅឆ្នាំ១៩៨២ ជាអភិបាលខេត្តកំពង់ចាមនៅឆ្នាំ១៩៨៤ ជាអភិបាលខេត្តស្វាយរៀងនៅឆ្នាំ ១៩៩៩ និងវិលត្រឡប់មកធ្វើជាអភិបាលខេត្តកំពង់ចាមវិញនៅឆ្នាំ២០០៥។ 

លោកបានចូលនិវត្តនៅឆ្នាំ២០១៣ និងត្រូវបានឈរឈ្មោះ និងជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈរដ្ឋសភាពជាតិរហូតមកដល់បច្ចុប្បន្ន។ 

ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ លោកក៏ត្រូវបានប្រទាននូវគ្រឿងឥស្សរិយយសជាច្រើនពីព្រះមហាក្សត្រ ក្នុងនោះគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺថ្នាក់ជាតូបការ។ 

ពេញមួយជីវិតរបស់ឯកឧត្តម ហ៊ុន ណេង ពិសេសពេលវេលាដែលលោកបានមកដឹកនាំនៅ ខេត្តកំពង់ចាម លោកតែងតែបំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍ នៅខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតី តជោ ហ៊ុន សែន ជាប្រមុខ។ តាមរយៈសកម្មភាពទាំងអស់នេះ បានធ្វើឲ្យលោកទទួលបាននូវការ គោរពស្រឡាញ់ពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

Share.