ជាថ្មីម្ដងទៀត ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្ដាល បានបញ្ជូនជនសង្ស័យចំនួន១៣នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២២ ខែឧសភា ២០២១នេះ ដើម្បីធ្វើការសាកសួរជាថ្មី។ ការសាកសួរជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីការសាកសួរពេញមួយរសៀល កាលពីថ្ងៃទី២១ ខែឧសភា ម្សិលមិញនេះ នៅមិនទាន់បញ្ចប់។ 

សមត្ថកិច្ចបានប្រាប់ សារព័ត៌មានត្រយង ឲ្យដឹងថា ការិយាល័យព្រហ្មទណ្ឌ បានកសាងសំណុំរឿង “អំពើមិនសុចរិតទាក់ទងនឹងទំនិញ” ផ្អែកតាមច្បាប់ស្ដីពីកិច្ចការពារអ្នក ប្រើប្រាស់ ហើយបានបញ្ជូនមក អយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីធ្វើការសាកសួរបន្ដ ដើម្បីឈានដល់ការចោទ ឬមិនចោទ នៃបទល្មើស ពាក់ព័ន្ធធ្វើឲ្យមានការពុលស្រា ស្លាប់មនុស្ស១៣នាក់។ 

កាលពីថ្ងៃទី ១០ ខែឧសភា អ្នកចូលរួមបុណ្យសពមួយ នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ហើយបានហូបស្រាស ស្រាថ្នាំ។ ១ថ្ងៃក្រោយការជួបជុំផឹកស៊ី យ៉ាងហោចមនុស្ស ១៩នាក់ បានពុលស្រាស ស្រាថ្នាំ ក្នុងនោះ មនុស្ស១៣នាក់ បានស្លាប់ ជាបន្ដបន្ទាប់៕

Share.