កាយវិការថតប្រម៉ូតកាន់ដបស្រាបៀរដែលតារាចម្រៀងស្រី ពេជ្រ សូលីកា បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងរងព្រនង់ពាក្យសម្ដីរិះគន់ខ្លាំងៗពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គម។ បើទោះបីជាតារាស្រីរូបនេះបានលើកឡើងថា ជាការងារប្រម៉ូតផលិតផលឱ្យក្រុមហ៊ុន ក៏ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមនៅតែមិនសំចៃថ្វីមាត់ដាក់នាងនោះឡើយ។

គេឃើញមានអ្នករិះគន់ខ្លះលើកឡើងនូវពាក្យសម្ដីរិះគន់បែបមិនសមរម្យដោយប្រើពាក្យសម្ដីជេរប្រមាថយ៉ាងដាច់សាច់ ខុសស្រឡះពីពាក្យរិះគន់បែបស្ថាបនាក្នុងការកែតម្រូវ។ បញ្ហានេះដែល បានធ្វើឱ្យតារាចម្រៀងស្រីរូបនេះ នៅមិនស្រណុចចិត្ត ហើយនាងបានចេញសារបកស្រាយពីអ្វីដែលគួរ ឬមិនគួរ គប្បីក្នុងការប្រើសម្ដីរិះគន់ដោយពិចារណា។

ជាការពិតណាស់ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២នេះ ពេជ្រ សូលីកា បានចេញសារប្រតិកម្មតបវិញចំពោះអ្នករិះគន់មិនសមរម្យ ដោយនាងបានរៀបរាប់ថា៖ « សូមមេត្តាអានអោយចប់ មុននឹងខមិន🙏🏻 ភាសាដែលយើងអាចជ្រើសរើសយកមកនិយាយទៅអ្នកដទៃមានល្អៗច្រើនណាស់ មុននឹងខ្ញុំសម្រេចចិត្តផុស video ដោយសារតែខ្ញុំបានទទួលខមិនអសីលធម៌មួយចំនួន ដោយមានទាំងពាក្យជេរប្រមាថ ដែលវាមិនមែនជាពាក្យជួយកែតម្រូវទាល់តែសោះបែរជាខឹងសម្បាមកលើរូបខ្ញុំទៅវិញ ។ តើខ្ញុំខុសដែលខ្ញុំត្រូវបំពេញភារកិច្ចរបស់ខ្ញុំ?»។

ពេជ្រ សូលីកា បានបន្តថា «ការងារអីក៏ដោយ បើខ្ញុំមិនបានទៅបំពានលួចឆក់ប្លន់ទ្រព្យសម្បត្តិញើសឈាមអ្នកដទៃ ហេតុអីខ្ញុំត្រូវមកទទួលពាក្យអាក្រក់ៗទាំងនេះ ពីមនុស្សដែលល្អៗទៅវិញ បើមនុស្សល្អ រៀនសូត្របានល្អ ម៉េចក៏មិនប្រើពាក្យល្អៗទៅកាន់អ្នកដទៃដែរទៅ។ ជាមនុស្សដូចគ្នា ក៏ចង់បានពាក្យនែនាំល្អៗដូចគ្នា តារាក៏ជាមនុស្ស ហេតុអីតារាគ្មានសិទិ្ធទទួលពាក្យល្អៗដូចមនុស្សធម្មតា? មិនពេញចិត្តអាចនិយាយនែនាំល្អៗមកបាន
តែម៉េចចាំបាច់ត្រូវប្រើពាក្យ មីនេះ មីនោះ មីក្របី មីគម្រក់ មីតារាបាតសង្គម ធ្វើអី បងៗជាមនុស្សថ្លៃថ្នូរបែរជាមកប្រើពាក្យសម្ដីអស់ទាំងនេះ ធ្វើដូចជាខ្ញុំទៅប្លន់គេ ដុតផ្ទះគេ »។

តារាចម្រៀងស្រីរូបនេះ បានលើកឡើងបន្ថែមថា «ខ្ញុំយល់ចិត្តបងៗដែលខមិនមួយចំនួន ថាបងៗមានអារម្មណ៍បែបម៉េច តែខ្ញុំក៏ចង់អោយបងៗយល់ពីពួកខ្ញុំដូចគ្នា ថាវាជាតួនាទីការងាររបស់ពួកខ្ញុំ ខ្ញុំត្រូវបំពេញវានឹងជាទំនួសខុសត្រូវរបស់ខ្ញុំ មនុស្សសុទ្ធតែមិនដូចគ្នា អ្នកខ្លះរកស៊ីអ្នកខ្លះធ្វើការ ការងារសុទ្ធតែមិនដូចគ្នា រកស៊ីសុទ្ធតែមិនដូចគ្នា យល់ថាបើមិនទទួលផ្សព្វផ្សាយគ្រឿងស្រវឹង វាមិនដាច់បាយស្លាប់ទេ បន្តែពួកខ្ញុំមានសិទ្ធជ្រើសរើស ព្រោះវាមិនមែនជាការងារលួចឆក់ប្លន់គេ ចឹងពួកតារាដូចខ្ញុំមានសិទិ្ធនឹងជ្រើសរើសការងារ រកស៊ីចង់បានចំណូល ធ្វើការចង់បានប្រាក់ខែ ខំយប់ខំថ្ងៃ ក៏មិនព្រមធ្វើជាចោរដែរ ការងារសង្គមគេធ្វើ ម៉េចមើលមិនដែលឃើញ តាមអ្វីដែលបងៗយល់ឃើញ តែបងៗមិនមែននៅក្នុងហេតុការណ៍ផ្ទាល់ បងអាចនិយាយម៉េចក៏បាន »។

ចុងក្រោយនាងសង្កត់ធ្ងន់ថា «បងតែងតែនិយាយស្រាបំផ្លាញដល់មនុស្ស ខ្ញុំទទួលស្គាល់ បន្តែវាអាស្រ័យទៅលើមនុស្សដូចគ្នា គ្មានអ្នកណាបង្ខំអ្នកណាបាននោះទេ ឧទាហរណ៍ថា បើតារាផ្សព្វផ្សាយគ្រឿងស្រវឹង បើខ្លួនបងមិនចង់ផឹក តារាក៏មិនអាចទៅបង្ខំបងមកផឹកបានដែរ ហើយបើតារាផ្សព្វផ្សាយថា ហាមដាច់ខាតមិនអោយបងផឹកគ្រឿងស្រវឹង បើខ្លួនបងនៅតែផឹក តារាក៏មិនអាចទៅហាមបងបានដូចគ្នា 🙏🏻ក្នុងនោះក៏មានពាក្យស្លោករបស់គេ។ “ពិសារដោយការទទួលខុសត្រូវ” ។»

យ៉ាងណាមិញ ជាមតិហ្វេនមួយចំនួនបានលើកឡើងគាំទ្រការបកស្រាយរបស់អ្នកនាង ពេជ្រ សូលីកា ថា បើសាមីខ្លួនមិនពេញចិត្តកុំប្រព្រិត្តិគឺចប់​ ខ្លាចតែទើសគេហើយបែរជាខ្លួនផឹកលើសដើមទៅវិញទេ។ ប៉ុន្តែទាំងអស់ដែលបានលើកឡើងនេះ ជារួមគ្រាន់តែជាការបញ្ចេញមតិទូទៅសម្រាប់ការចែករំលែក និងកែលម្អ ដើម្បីឱ្យសង្គមមានរូបភាពល្អរួមមួយតែប៉ុណ្ណោះ។ ចុះប្រិយមិត្តអ្នកអានវិញ ដាក់ពិន្ទុរបែបណាដែរចំពោះករណីនេះ?

Share.