នៅ​ថ្ងៃ​ទី​៩​ ខែ​ឧសភា ឆ្នាំ​២០២២​នេះ​ អេដវីន បាន​បង្ហោះ​សារ​មួយ​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​ទឹក​ចិត្ត​សណ្ដោស​ប្រណី​ដែល​ព្រឹទ្ធាចារ្យ​ក្នុងវិស័យ​ភាពយន្ត​​​ លោក​ស្រី​ ពាន់​ ភួងបុប្ផា​ ​អាណិត​ស្រលាញ់​ ព្រម​ទាំង​ផ្ដល់​ឱកាស​ឱ្យ​ខ្លួន​បាន​បញ្ចេញ​សមត្ថ​ភាព​សម្ដែង​ឡើង​វិញ​ ថែម​ទាំង​ប្រដូច​ខ្លួន​ទៅ​នឹង​គ្រាប់​ពេជ្រ​ដែល​មាន​ពន្លឺចែងចាំង ទោះ​កប់​ក្នុង​ភក់​ ឱ្យ​តែ​យក​មក​ដុស​ខាត់​ឡើងវិញ​ពេជ្រ​នោះ​នឹង​បញ្ចេញ​ពន្លឺ​​ជាក់ជា​មិន​ខាន​។

ប្រិយមិត្ត​មួយ​ចំនួន​បាន​ដឹង​ហើយ​ថា​​លោក​ យិត​ មាស​ឧស្សាហ៍​ ហៅ​ អេដវីន ទទួល​បាន​ការ​ផ្ដល់​ឱកាស​ធំ​ពី​​អ្នក​ស្រី​ ពាន់​ ភួង​បុប្ផា ​ជា​ព្រឹទ្ធាចារ្យ​ចាស់​ទុំ​មួយ​រូប​ក្នុង​រង្វង់​សិល្បៈ​ឱ្យ​កាន់​តំណែង​ជា​តួឯក​ប្រុស​ក្នុង​ភាពយន្ត​ខ្នាត​ធំ​​ថ្មី​មួយ​គឺ​រឿង​ «ពេល​ម៉ែ​ចាស់​ទៅ​»។ ការផ្ដល់​ឱកាស​ពី​ចាស់ព្រឹទ្ធាចារ្យ​នៅ​ក្នុង​សង្គម​សិល្បៈ​បែប​នេះ​ គឺ​ជា​ការ​បើក​ចំ​ហ​ទ្វារ​ជួយ​ឱ្យ​តារា​រូប​នេះ​ត្រលប់​មក​មាន​ទីផ្សារ​និង​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សាធារណជន​ និង​ផលិតកម្ម​នានា​​ជា​ថ្មី​ផង​ដែរ​។​

នៅ​ក្នុង​សំណេររបស់​អេដវីន​ ដែល​បាន​បង្ហោះនៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ភ្ជាប់​អម​ជាមួយ​នឹង​រូប​ភាព​ខ្លួន​និង​លោក​ស្រី​ ពាន់​ ភួង​បុប្ផា តារា​សម្ដែង​រូប​នេះ​បាន​ហៅ​លោក​ស្រី​ថាម៉ែ​ ហើយ​លើក​ឡើង​ថា​ អ្នក​ដឹកនាំ​ល្បី​​រូប​នេះ​បាន​ប្រដូច​ខ្លួន​ទៅ​នឹង​គ្រាប់​ពេជ្រ​ ទោះ​ជា​ធ្លាក់​កប់​ជ្រៅ​ក្រោម​ទឹក​ ក្រោមភក់​ប៉ុនណា​ក៏​ដោយ​ ក៏ពេជ្រ​នៅ​តែ​មាន​ពន្លឺចែងចាំ​មិន​អាប់​រស្មី​ឡើយ​ គ្រាន់​តែ​ត្រូវ​ការ​កែច្នៃ និង​ដុសខាត់​ឡើងវិញ​ប៉ុណ្ណោះ​។ អេដវីន ក៏​ឆ្លៀត​លើក​ទឹកចិត្ត​ចំពោះ​អ្នក​បរាជ័យ​ ជួប​បញ្ហា​ ការ​ឈឺចាប់​ សូម​កុំ​អស់​សង្ឃឹម​ ហើយ​ប្រាប់​ខ្លួន​ឯងថា​ អ្នក​នៅ​តែជាពេជ្រ​ ព្រោះ​ពេជ្រ​​មិន​ដែល​ក្លាយ​ជា​ថ្ម​នោះ​ឡើយ​។

«#ម៉ែប្រាប់ថា : ពេជ្រនៅតែជាពេជ្យ ទោះបីជាពេជ្រនោះធ្លាក់កប់ជ្រៅក្រោមទឹក ក្រោមភក់ប៉ុនណាក៏ដោយ ពេជ្រនៅតែមានពន្លឺចែងចាំង វាមិនបានអាប់រស្មីនោះទេ គ្រាន់តែត្រូវការកែច្នៃ នឹងដុសខាត់ឡេីងវិញ នោះពេជ្រនឹងបញ្ចេញពន្លឺឡេីងវិញជាក់ជាមិនខាន។ បើអ្នកបរាជ័យ ជួបបញ្ហា ការឈឺចាប់ ចូរកុំអស់សង្ឃឹមណា ហេីយ ប្រាប់ខ្លួនឯងថា អ្នកនៅតែជាពេជ្រ។ ពេជ្រ មិនដែលក្លាយជាថ្ម ពេជ្រនៅតែជាពេជ្រ កុំខំប្រឹងលាក់ពន្លឺដ៏ភ្លឺចែងចាំងរបស់អ្នកពេកអី ត្រូវធ្វេីខ្លួនជាពេជ្យដែលគ្រប់គ្នាប្រាថ្នាចង់បានអ្នក ។ #ពេជ្រ ពីខ្ញុំ P’win»

អត្ថបទ​ទាក់ទង៖

Share.