អាមេរិក​ – អាច​និយាយ​បាន​ថា​ទោះ​ជា​មាន​លុយ​ទិញ​រថយន្ត​ថ្មី​និង​ទំនើប​ ប៉ុន្តែ​មិន​មែន​ចេះ​តែ​អាច​យក​រថយន្ត​នោះ​ទៅ​ធ្វើ​អ្វី​តាម​ចិត្ត​ចង់​បាន​ដែរ​ ព្រោះ​មាន​សេចក្ដី​រាយការណ៍​មួយ​បាន​ឱ្យ​ដឹង​ថា​ក្រុមហ៊ុន​ Super Car យីហោ​ល្បី​ Ferrari បាន​ដាក់​បម្រាម​និង​បញ្ចូល​ឈ្មោះ​ Justin Bieber ចូល​បញ្ជី​ខ្មៅ​រួច​រាល់​ហើយ​ ដោយ​សារ​តែ​តារា​រូប​នេះ​ល្មើស​ច្បាប់​ក្រុមហ៊ុន​យក​រថយន្ត​ទៅ​ប្ដូរ​ពណ៌​ថ្មី​ ជា​ពណ៌​ផ្ទៃមេឃ​ស្រាល​។

Justin Bieber បាន​ល្មើស​ក្រមសីលធម៌​របស់​រថយន្តទំនើប​សញ្ជាតិ​អ៊ីតាលី​ Ferrari ដោយ​សារ​គេ​បាន​យក​រថយន្ត​ថ្មី​ Ferrari 458 ពណ៌ស​ទៅ​ប្ដូរ​ជា​ពណ៌​ខៀវ​ស្រាល​ ដែល​​សកម្មភាព​នេះ​គឺ​ផ្ទុយ​គ្នា​ស្រឡះ​​ទៅ​នឹង​ច្បាប់​ដ៏​តឹងរ៉ឹង​របស់​ Brand ដែល​ត្រូវ​ការ​​ជា​ចាំ​បាច់​គឺ​រក្សា​ឱ្យ​បាន​នូវ​អត្តសញ្ញាណ​របស់​ខ្លួន​គឺ​ Ferrari។

យោង​តាម​សារព័ត៌មាន​ luxurylaunches.com បាន​ផ្សាយ​ថា​ «ការ​ច្នៃ​លេង​រថយន្ត​របស់​ Justin Bieber មាន​បន្ថែម​កាបាំង​ភក់​លាតធំ មើល​ទៅ​អាក្រក់​មើល​ ថែម​ទាំង​ប្រើប្រាស់​កាំ​កង់​រថយន្ត​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត​ ដែល​នេះ​​គឺជា​អ្វី​មួយ​ដែល​ Ferrari ប្រឆាំង​ដាច់​ខាត ជា​អ្វី​ដែល​និមិត្តសញ្ញា​មួយ​នេះ​ចាត់​ទុក​ថា​ជា​រឿង​អពមង្គល​។

ក្រុមហ៊ុន​ Ferrari មាន​ច្បាប់​មួយ​ថា​ ម្ចាស់​រថយន្ត​មិន​អាច​លក់​រថយន្ត​របស់​ខ្លួន​ឯង​ក្នុង​ឆ្នាំ​ដំបូង​បាន​នោះ​ឡើយ​ ហើយ​ក្នុង​ករណី​ដែល​ម្ចាស់​ចង់​លក់​រថយន្ត​នេះ​ត្រូវ​ជូន​ដំណឹង​មក​ក្រុមហ៊ុន​វិញ​ជា​មុន​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ពិចារណា​​ថា​នឹង​ទិញ​រថយន្ត​ចូល​ក្រុមហ៊ុន​វិញ​ឬ​អត់?​ ខណៈ​ដែល​ការ​ផ្លាស់​ប្ដូរ​ឬ​ច្នៃកែកុន​ដោយ​មិន​បាន​អនុញ្ញាត​គឺ​សុទ្ធ​តែ​ជា​រឿង​ដែល​មាន​ការ​រឹត​បន្តឹង​ជា​ពិសេស​។

Justin Bieber មិនមែន​ជា​មនុស្ស​ទីមួយ​ឡើយ​ដែល​ល្មើស​ក្រមសីលធម៌​របស់​ Ferrari ព្រោះ​មុន​​នេះ​ក៏​មាន​សិល្បករ​ល្បី​មួយ​ចំនួន​ដែល​ធ្វើ​ខុស​ដូច​គ្នា​ដែរ​ ​មាន​ 50Cent, Nicholas Cage និង​ Kim Kardashian។

រឿងរ៉ាវ​នេះ​ត្រូវ​បាន​ប្រធានសមាគម​អ្នក​បើក​រថយន្ត​ Ferrari ដ៏​ធំ​បំផុត​លើ​ពិភពលោក​ លោក Fabio Barone ចេញ​មក​គាំទ្រ​និង​អំពាវនាវ​ឱ្យ​ផ្ដល់​តម្លៃចំពោះ​អ្នក​ផលិត​រថយន្ត​ដោយ​លោក​លើក​ឡើង​ថា « Ferrari គឺជា​សិល្បៈ​ម្យ៉ាង​ នេះ​​គឺជា​រឿង​ចាំ​បាច់​ហើយ​ដែល​អ្នក​ផលិត​ផ្ញើសារ​ដល់​អ្នក​ប្រើប្រាស់​ ដើម្បី​ការពារ​កុំ​ឱ្យ​កើត​មាន​​ហេតុ​ការណ៍​បែប​នេះ​កើត​ឡើង​ទៀត​»

អត្ថបទទាក់ទង៖

Share.