នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាស្តីពីតួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់ អំពើហិង្សាលើស្រ្តី និងកុមារតាមរយៈ​វីដេអូខ្លី ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា បច្ចុប្បន្នវិស័យភាពយន្តនៅកម្ពុជាមានការរីកលូតលាស់ច្រើនគួរជាទីមោទក ក្នុងនោះការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គមនានា ជាលក្ខណៈបុគ្គលឬក្រុមក៏មានច្រើនគួរឱ្យកត់សម្គាល់។

ស្របពេលជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ផលិតករ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម និងអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គមជាច្រើនដែលបានផលិតជាភាពយន្តឬវីដេអូវែងឬខ្លី ដែលមានការបញ្ចូលខ្លឹមសារអប់រំស្តីពីតម្លៃស្រ្តី និងការទប់ស្កាត់អំពើហឹង្សាលើកុមារជាដើមគឺនៅមានចំនួនតិចតួចនៅឡើយ។ ដោយឡែកភាពយន្តខ្លី ឬវីដេអូមួយចំនួន បានបង្កើតឱ្យមានវប្បធម៌ហិង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឱ្យក្មេងៗជំនាន់ក្រោយបែរជាយកមកចម្លង និងអនុវត្តតាម។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានស្នើសុំដល់គ្រប់ភាគីដែលពាក់ព័ន្ធក្នុងវិស័យនេះ ត្រូវខិតខំបន្ថែមទៀតក្នុងការបញ្ចូលខ្លឹមសារអប់រំ នៅក្នុងបណ្តាភាពយន្ត ចម្រៀង និងជាពិសេសបុគ្គលឬក្រុមដែលផលិតមាតិកាកម្សាន្តលើបណ្តាញសង្គម សូមប្រកាន់ខ្ជាប់នូវវប្បធម៌អហឹង្សា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពស៊ីវីល័យឱ្យសាកសមជាប្រទេស មានសុខសន្តិភាពនិងការអភិវឌ្ឍ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានរម្លឹកដែលថា កន្លងមកសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍​ណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធត្រូវសហការត្រួតពិនិត្យតាមដានជាប្រចាំនូវខ្លឹមសារ រូបភាព និងការសម្តែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរូបភាព និងការសម្តែងផ្ទាល់ ត្រូវមានវិធានការនិងសារក្នុងគោលដៅអប់រំ និងថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងរក្សាបាននូវតម្លៃនៃអក្សរសាស្រ្តជាតិ៕

Share.