អាមេរិក -ប្អូន​ស្រី​ប្រធានាធិបតី​អាមេរិក​ Joe Biden បាន​អញ្ជើញ​​តារា​សម្ដែង​ហូលីវូដ​ Meghan Markle ចូលរួម​ក្នុង​បក្សប្រជាធិបតេយ្យ​ ព្រោះ​លោក​ស្រី​យល់​ឃើញ​ថា​ Meghan ស័ក្ដិសម​ជា​បេក្ខភាព​ប្រធានាធិបតី​ សម្រាប់​សហរដ្ឋ​អាមេរិក​​នា​ឆ្នាំ​២០២៤​។

លោក​ស្រី​ Valerie Biden Owens វ័យ ៧៦​ឆ្នាំ​​ ​បាន​និយាយ​ថា​ Duchess of Sussex នឹង​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចូលរួម​ក្នុង​បក្ស​ប្រជាធិបតេយ្យ​ ដោយ​លោក​ស្រី​បញ្ជាក់​ថា​ការ​ចូលរួម​របស់​ស្ត្រី​ដ៏​លេច​ធ្លោ​រូប​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ស្ត្រី​​កាន់​តែ​ច្រើន​នៅ​ក្នុង​វិស័យ​នយោបាយ​។

ប្អូន​ស្រី​ Valerie Biden Owens លើក​ឡើង​ថា​នៅ​ក្នុង​វិស័យ​នយោបាយ​ត្រូវ​ការ​មនុស្ស​ស្រី​កាន់​តែ​ច្រើន​ឱ្យ​ចូលរួម​​ ដូច្នេះ​ហើយ​លោក​ស្រី​យល់​ថា​ Meghan គឺជា​បេក្ខភាព​ស័ក្ដិសម​បំផុត​ម្នាក់​ចូល​រួម​ក្នុង​បក្ស​ប្រជាធិបតេយ្យ​។

លោក​ស្រី​ Owens បាន​ពោល​ថា​៖ «វាគឺជា​រឿង​មួយ​ដ៏​អស្ចារ្យ​ដែល​មាន​ស្ត្រី​ច្រើន​នៅ​ក្នុង​នយោបាយ​។ ស្ត្រី​កាន់​តែ​ច្រើន​ ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​របស់​យើង​នឹង​កាន់​តែ​ល្អ​ប្រសើរ​។ ពួក​យើង​ស្វាគមន៍​ Meghan ចូលរួម​ក្នុង​បក្ស​ប្រជាធិបតេយ្យ​។

យ៉ាង​ណា​មិញ​ ការ​ស្នើ​របស់​លោក​ស្រី​ Valenrie Biden Owens នេះ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ណា​មួយ​ពី​ Meghan Markle នៅឡើយ​ ខណៈ​ដែល​លោកស្រី​ Angela Levin ដែល​ជា​អ្នក​សរសេរ​ប្រវត្តិ​ខ្សែ​រាជ​វង្ស​អង់គ្លេស​ជើង​ចាស់​បាន​និយាយ​ថា​ «ពួក​យើង​មិន​ចាំ​បាច់​ត្រូវ​ស្ដាប់​សម្ដី​របស់​ប្អូន​ស្រី​ Joe Biden នោះ​ទេ​៕

ប្រភព៖ dailymail, geo.tv

Share.