
ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 ធ្វើដំណើរដល់សប្ដាហ៍ទី៣ (ក្រុមខ្លះប្រកួតបាន៥លើកហើយ) ខណៈមានរឿងគួរឱ្យកត់សម្គាល់ជាច្រើននៅក្នុងជ័យជម្នះរបស់ក្រុម វិសាខា គីរីវង់ និងភ្នំពេញក្រោន នៅល្ងាចថ្ងៃសៅរ៍ ទី២២ ខែឧសភាឆ្នាំ២០២១ ម្សិលមិញនេះ។
១) គ្រប់ក្រុមសុទ្ធតែរកគ្រាប់បាល់បញ្ជូលទីគូប្រកួតបានដូចគ្នា
*វិសាខា ៣-២ ព្រះខ័នរាជស្វាយរៀង កីឡដ្ឋានព្រីនស៍
វិសាខា៖ប៊ុនហៀង 8′, Faeez 27′, Ajayi 90+2′
ស្វាយរៀង៖Privat 38′,Mika 38′
*សូលទីឡូអង្គរ ១-២ គីរីវង់សុខសែនជ័យ កីឡដ្ឋាន SRU
សូលទីឡូអង្គរ៖Francois 16′
គីរីវង់៖ផាន់ណា 5′ Kinoshita 6′
*ភ្នំពេញក្រោន ៤-១ ខេត្តព្រៃវែង កីឡដ្ឋាន Smart RSN
ភ្នំពេញក្រោន៖Takaki 14′ ,Nieto 56′ 64′, Ogawa 90′
ព្រៃវែង៖រីណា 87′
២) ភ្នំពេញក្រោន ឈ្នះគ្រប់ប្រកួត ឯសូលទីឡូអង្គរ ចាញ់គ្រប់ការប្រកួត
*ភ្នំពេញក្រោន៖ប្រកួត៤លើក ឈ្នះទាំង៤លើក ទាត់ចូលទីគេ១៥គ្រាប់ គេទាត់ចូលវិញ៤គ្រាប់ សល់គ្រាប់ចំណេញ១១គ្រាប់ មាន១ពិន្ទុ។
*សូលទីឡូអង្គរ៖ប្រកួត៤លើក ចាញ់ទាំង៤លើក ទាត់ចូលទីគេ២គ្រាប់ គេទាត់ចូលវិញ១៨គ្រាប់ សល់គ្រាប់ចំណេញ-១៦គ្រាប់ មាន០ពិន្ទុ។
៣) ប្រកួតតែមួយដែលគ្រូបង្វឹកទាំង២ត្រូវពិន័យកាតលឿងដូចគ្នា
ជាលើកដំបូងក្នុងរដូវកាលឆ្នាំ២០២១ ដែលគ្រូបង្វឹកទាំងសងដែរអាជ្ញាកណ្ដាលពិន័យកាតលឿងដូចគ្នា។ លោក ឃួន វីរៈ អាជ្ញាកណ្ដាលក្នុងការប្រកួតបានពិន័យកាតលឿងដល់លោក Cornor គ្រូរបស់ក្រុមព្រះខ័នរាជស្វាយរៀង នៅនាទី៥៥ និងលោក Colum Curtis គ្រូបង្វឹករបស់ក្រុមវិសាខា នៅនាទី៧៦។

៤) ក្រុមមកពីខេត្ត៣ក្រុមរបូតពិន្ទុដូចគ្នា តែគីរីវង់ស្ពាយ៣ពិន្ទុទៅតាកែវ វិញ
ក្រុមមកពីតាមខេត្តមាន ក្រុមខេត្តព្រៃវែង ក្រុមសូលទីឡូអង្គរ (សៀមរាប) ក្រុមព្រះខ័នរាជស្វាយរៀង សុទ្ធតែរបូត៣ពិន្ទុ ដូចគ្នា តែក្រុមគីរីវងសុខសែនជ័យ រកបាន៣ពិន្ទុត្រឡប់ទៅខេត្តតាកែវ វិញ។
ចំណែកកម្មវិធីប្រកួតបន្ទាប់នៅសប្ដាហ៍ទី៣ នេះគឺក្រុមអង្គរថាយហ្គឺរ ត្រូវបើកទ្វារកីឡដ្ឋាន SRU ក្នុងខេត្តសៀមរាប ទទួលក្រុមបឹងកេត នៅវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១។ ចំណែកប្រកួតរវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមណាហ្គាវើល ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ជូនដំណឹងថាលើកពេលប្រកួតទៅថ្ងៃក្រោយ តែមិនទាន់កំណត់ច្បាស់៕

រូបថត៖CNCC