លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក និងប្រមុខការទូតខ្មែរ

ក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក Wendy Sherman បានបន្តសម្ដែងក្ដីកង្វល់មួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែឧសភានេះ។

ឆ្លើយតបនឹងក្ដីកង្វល់ម្ដងហើយម្ដងទៀតពីសំណាក់សមភាគីអាមេរិក នៅក្នុងជំនួបនោះ ឯកឧត្តម ប្រាក់ សុខុន ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីទៀតថាកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលហាមឃាត់វត្តមានយោធាបរទេស ហើយថាកាយវិការដែលកម្ពុជាអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចនានាទៅកាន់មូលដ្ឋានទ័ពនេះជាច្រើនលើកច្រើនសារគឺជាកាយវិការដែលមិនធ្លាប់មានសម្រាប់ប្រទេសនានា បើពិនិត្យមើលទិដ្ឋភាពក្នុងវិស័យយោធា។

គួរកត់សម្គាល់ថាប្រធានបទពាក់ព័ន្ធនឹងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាមនៅខេត្តព្រះសីហនុរបស់កម្ពុជា បានក្លាយជារៀបវារៈភូមិសាស្រ្តនយោបាយមួយដែលអាមេរិកបង្ហាញក្ដីកង្វល់ និងការកើតទុកមិនសុខចិត្តម្ដងហើយម្ដងទៀត។ ប្រទេសមហាអំណាចដែលមានមូលដ្ឋានទ័ពរបស់ខ្លួននៅតាមបណ្ដាប្រទេសនានាជាច្រើនមួយនេះ ព្រួយបារម្ភខ្លាចមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជាអាចក្លាយជាផ្នែកមួយជួយបំរើឱ្យវិស័យោធាចិននៅអាស៊ីអាគ្នេយ៍។

មែនទែនទៅ លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ធ្លាប់បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីអនុញ្ញាតឱ្យមន្រ្តីអនុព័ន្ធយោធារបស់ខ្លួនបានទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមដោយផ្ទាល់ភ្នែកម្ដងរួចមកហើយ។ កាលណោះបន្ទាប់ពីសម្ដេចប្រមុខរាជរដ្ឋាភិបាលអនុញ្ញាត ក្រុមមន្រ្តីអាមេរិកមួយចំនួនក៏បានចុះទៅកាន់ទៅនោះភ្លាមៗ ប៉ុន្តែនៅតែបង្ហាញការមិនអស់ចិត្ត ដោយអះអាងថាខ្លួនមិនបានមើលសព្វគ្រប់នូវអ្វីដែលមាននៅមូលដ្ឋានទ័ព។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា នាថ្ងៃទី១២ ខែឧសភាម្សិលមិញ បានមានប្រសាសន៍សម្ដែងក្ដីលំបាកក្នុងការកសាងទំនាក់ទំនងជាមួយអាមេរិក។ នាយករដ្ឋមន្រ្តីកម្ពុជាបានចោទសួរថា កម្ពុជាគ្រាន់តែធ្វើមិត្តជាមួយអាមេរិក ហេតុអ្វីក៏លំបាកម្លេះ។ ពីទឹកដីអាមេរិកនោះដូចគ្នា សម្ដេចក៏បញ្ជាក់ដែរថាកម្ពុជាមិនត្រូវការកងទ័ពបទេសនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវការនោះគឺសេដ្ឋកិច្ច។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងប្រមុខការទូតខ្មែរ និងអនុរដ្ឋមន្រ្តីការបរទេសអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ក៏មានប្រធានបទពិភាក្សាមួយចំនួនទៀតដែលភាគីទាំងពីរបានបង្ហាញពីការឯកភាពគ្នា និងការសារទរចំពោះទំនាក់ទំនងរវាងគ្នាផងដែរ ដូចជាការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កិច្ចសហការពាណិជ្ជកម្ម ការប្រឆាំងភេវរកម្ម ការងារអភិរក្ស និងការពារបេតិកភណ្ឌជាដើម៕

Share.