ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធសមិទ្ធផល នៅក្រុងកំពង់ចាម

«សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់បានរំឭកជារឿយៗថា បើផ្លូវដាច់ គេអាចតភ្ជាប់វិញបាន ប៉ុន្តែប្រសិនបើជីវិតបាត់បង់ នោះគឺមិនអាចវិលត្រឡប់មកវិញទ្បើយ»។ ឯកឧត្តម ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលកៅស៊ូ DBST ចំនួន ៤២ ខ្សែ ប្រវែង៣១.៩១៧ម៉ែត្រ ក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី១២ ខែឧសភាម្សិលមិញ។

ភ្ជាប់ដោយការរម្លឹកប្រសាសន៍សម្ដេចតេជោ ឯកឧត្តម ហ៊ុន ម៉ាណែត បន្តថាដូច្នេះហើយ បានជាសម្តេច តែងបានខិតខំគិតគូរធ្វើយ៉ាងណារក្សាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុត ដែលសច្ចភាពនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងជាក់ស្តែងតាមរយៈស្ថានការណ៍ប្រវត្តិសាស្រ្តជាច្រើន ហើយដែលចុងក្រោយនេះ គឺក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

យុទ្ធនាការប្រឆាំងកូវីដ-១៩ ដែលបើតាមឯកឧត្តម ហ៊ុន ម៉ាណែត សម្តេចតេជោ បានពិចារណាគិតគូរគ្រប់ជ្រុងជ្រោយ និងបានសម្រេចអារកាត់ប្រកបដោយការទទួលខុសត្រូវ និងលឿនរហ័ស ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យរួចផុតពីហានិភ័យនៃមហាគ្រោះថ្នាក់បង្កដោយជំងឺកូវីដ-១៩ ដែលទល់ពេលនេះបានឆក់យកជីវិតមនុស្សប្រមាណជាង ៦ លាននាក់ មកហើយនៅលើពិភពលោក៕

Share.