ពោធិ៍សាត់ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ២ទីតាំងផ្សេងគ្នា ដកហូតបានថ្នាំញៀនមួយចំនួនធំ កាលពីរសៀលថ្ងៃទី១១ និងព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ទីតាំងដែលសមត្ថកិច្ច បង្ក្រាបលើកទី១នៅក្នុងភូមិប៉ែន និងនៅក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងទី១  នៅអាហារដ្ឋានម្លប់ស្វាយ ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស៊ឹម សាវី ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកកាន់កាប់ទីកន្លែង និងដកហូតបាន រថយន្ត ១គ្រឿង ម៉ាកឡិចស៊ីស ពណ៌ស, ម៉ូតូ ស្កុបពី ១គ្រឿង ។ ទីតាំងទី២ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លី ហាន់ណាហ្វី ភេទប្រុស អាយុ៣៨ឆ្នាំ និងដកហូតវត្ថុតាង រថយន្ត០៣គ្រឿង, ម៉ូតូ០៤គ្រឿង, ទូរស័ព្ទដៃ០៤គ្រឿង, ម៉្សៅក្រាមពណ៌សថ្លា ចំនួន០៥កញ្ចប់, ថ្នាំគ្រាប់ WY ពណ៌ក្រហម ចំនួន០៣គ្រាប់, លុយខ្មែរ ចំនួន៨លាន ៦០ម៉ឺនរៀល, លុយដុល្លារ ចំនួន៦១៥ដុល្លារ និងលុយបាត ចំនួន២០០បាត ។

ជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាង ត្រូវបាននាំខ្លួនទៅសាកសួរនៅការិយាល័យជំនាញ ស្នងការខេត្តដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖តាតុង សែនជ័យ

Share.