ក្នុងពិធីលាងសាយភោជន៍រៀបចំដោយប្រធានាធិបតីអាមេរិក ចូ បៃដិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញឯកឧត្តម ចូ បៃដិន មកចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក លើកទី១០ នៅប្រទេសកម្ពុជា នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ការអញ្ជើញនេះ បានធ្វើឡើងនាឱកាសសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍រៀបចំដោយប្រធានាធិបតីអាមេរិក និងដែលឱកាសនោះ ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីឥណ្ឌូនេសុីក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ានអាមេរិកសុទ្ធតែថ្លែងសុន្ទរកថាដូចៗគ្នាដែរ។

ខ្លឹមសារបង្ហោះលើទំព័រហ្វេសប៊ុក ក៏បានស្រង់ប្រសាសន៍សម្ដេចតេជោថ្លែងក្នុងនាមអាស៊ាននូវការវាយតម្លៃខ្ពស់លើរាល់កិច្ចការដែលសហរដ្ឋអាមេរិក បានធ្វេីសម្រាប់តំបន់អាសុីអាគ្នេយ៍មួយនេះ ដោយបន្តថា«ក្នុងនាមខ្លួនសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី និងប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដែលគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ»។

ទំព័រហ្វេសប៊ុកសម្ដេចតេជោមិនបានបង្ហាញខ្លឹមសារពាក់ព័ន្ធនឹងការឆ្លើយតបរបស់ប្រធានាធិបតីអាមេរិកចំពោះការអញ្ជើញរបស់សម្ដេចតេជោនោះទេ ប៉ុន្តែប្រធានាធិបតីអាមេរិកហាក់បង្ហាញការផ្ដល់តម្លៃខ្ពស់ដល់អាស៊ាន ដោយបានចាត់ទុកកិច្ចប្រជុំដែលអាមេរិកទទួលមេដឹកនាំអាស៊ាននៅវ៉ាស៊ីនតោនលើកនេះថាមានលក្ខណៈពិសេស។

ប្រធានាធិបតីអាមេរិកក៏បានចាត់ទុកកិច្ចប្រជុំនេះថាជាទំព័រថ្មីនិងសករាជថ្មីក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ ហើយថាអាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក និងមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិក មានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថានៅបន្ទាប់ពីបញ្ចប់ការថ្លែងសុន្ទរកថាទៅកាន់មដឹកនាំអាស៊ានក្នុងពិធីលាងសាយភោជន៍នោះ ពាក្យដែលឯកឧត្តមប្រធានាធិបតីអាមេរិកនិយាយមុនគេ គឺការចូលរួមរំលែកមរណទុក្ខជាមួយសម្ដេចតេជោចំពោះមរណភាពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលត្រូវជាបងប្រុសសម្ដេច។ សម្ដេចបានបង្ហោះឱ្យដឹងថា«ទៅលើសពីនេះអ្វីដែលខ្ញុំភ្ញាក់ផ្អើលនិងរំភើបនោះប្រធានាធិបតីសហរដ្ឋអាមេរិកចូ បៃដិន (Joe Biden)តែម្តងដែលនិយាយមកកាន់ខ្ញុំថា(សូមចូលរួមមរណទុក្ខចំពោះបងប្រុសរបស់ឯកឧត្តម)»។ 

សម្ដេចតេជោ ហ៊ុន​ សែន ថែមទាំងបង្ហាញការកត់សម្គាល់ចំពោះឥរិយាបថរបស់ប្រធានាធិបតីវ័យចំណាស់របស់អាមេរិកទៀតផង ដោយសម្ដេចបានគូសបញ្ជាក់ថា«គាត់ជាមនុស្សពោរពេញដោយមនោសញ្ចេតនាគួរគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធនិងបងប្អូនដែរ     ដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់ខ្ញុំនៅពេលនេះ  ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ»។

សម្តេចតេជោក៏បានឆ្លៀតអរគុណប្រធានាធិបតីអាមេរិកដែលបានផ្ដល់វ៉ាក់សាំងជូនកម្ពុជារួមទាំងវ៉ាក់សាំង johnson and johnson១លានដូស និងមានវ៉ាក់សាំងពីរលានដូសបន្ថែមទៀត ព្រមទាំងការសន្យាថានឹងផ្ដល់វ៉ាក់សាំងជាង៥លានថែមទៀតសម្រាប់កម្ពុជា។ «បរិយាសកាសដ៏ប្រពៃនេះ បានផ្តល់នូវសញ្ញាជាវិជ្ជមានជាច្រើន សម្រាប់កិច្ចប្រជុំនៅថ្ងៃទី១៣ ឧសភា» នេះបើតាមគូសបញ្ជាក់ចុងក្រោយក្នុងសំណេរព័ត៌មានចេញផ្សាយលើទំព័រហ្វេសប៊ុកសម្ដេចតេជោ។

គួររម្លឹកថាកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក នៅកម្ពុជាកាលពីឆ្នាំ២០១២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន កាលពី១០ឆ្នាំមុន ក៏មានការអញ្ជើញចូលរួមពីអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែរ។ តើកិច្ចប្រជុំនៅខែវិច្ឆិការខាងមុខនេះ ប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងឆ្លើយតបយ៉ាងណាចំពោះការអញ្ជើញរបស់សម្ដេចតេជោ ខណៈសម្ដេចតេជោបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក នាពេលនេះ ទាំងក្នុងពេលក្រុមគ្រួសារកំពុងកាន់ទុក្ខ និងធ្វើបុណ្យ៧ថ្ងៃជូនសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលត្រូវជាបងប្រុស៕

Share.